សម្តេចតេជោ ចាត់វិធានការអ្នកដែលរំលោភដីឆ្នេរ បើទោះបីមានប្លង់ក៏អាចលុបចោលបានដែរ

វិទ្យុជាតិ អត្ថបទ ធីណា ឌីណេ ថ្ងៃទី១ ខែមិថុនា ឆ្នាំ្២០២០៖

សម្តេចតេជោ ប្រកាសចាត់វិធានការអ្នកដែលរំលោភដីឆ្នេរ បើទោះបីមានប្លង់ ក៏អាចលុបចោលបានដែរ ដើម្បីធានាតំបន់ឆ្នេរនៅតែរក្សាបានភាពបៃតងគ្មានការរំលោភបំពាន និង កាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដល់និរន្តរភាពនៃធនធានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជាសាធារណៈថារាជរដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយណាដែលកាន់កាប់ឆ្នេរខុសច្បាប់នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ ឬក៏អ្នកកម្រិតណានោះទេ។ សម្តេចបានបញ្ជាក់ថា សម្តេចមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកាដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។
សម្តេចអះអាងថារដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រតពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ និងវិស័យ ទេសចរណ៍។
«សំលេង៖ ដែលមុននេះយើងមិនអាចតភ្ជាប់រវាងឆ្នេរអូត្រះ និងឆ្នេរអូលឈឺទាល បានទេ ដោយសារតែការកាន់កាប់ខុសច្បាប់ទៅដីធ្លីតាមចំណីឆ្នេរ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ខ្ញុំបានជួយជាមួយម្ចាស់ដីមួយកន្លែង ហើយខ្ញុំក៏បានអរគុណគាត់ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ប៉ុន្តែបើមិនសហការក៏ខ្ញុំយកដែល ព្រោះនេះជាផលប្រយោជន៍សាធារណៈដែលតម្រូវឲ្យធ្វើយ៉ាងដូច្នេះ ព្រោះគេមិនដែលទៅយកដីភ្នំ ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរនៅក្នុងសមុទ្រទៅទៀត វាមិនដែលមានទេ ហើយអីលូវនេះខ្ញុំត្រូវ ធ្វើព្រោះទាំងនេះគឺជាដីរបស់រដ្ឋ រដ្ឋត្រូវយកវិញ រឿងយើងចេញប្លង់ឲ្យគេបានលុបចោលក៏បានដែរ អត់មានបញ្ហាអីទេ ជួនកាលមានការទើសទាល់ របស់អ្នកនេះ របស់អ្នកនោះមកតម្រូវសុំឱ្យគ្នាធ្វើប្លង់ឲ្យ ចឹងគ្នាចេះតែស៊ីញ៉េទៅ តែនាយករដ្ឋមន្ត្រីអត់បានដឹងទេ បើនាយករដ្ឋមន្ត្រីដឹង គឺលើកយោបល់មក ដឹងតែមោឃៈភាពចោលទៅលើដីណាដែលជាចំណែកដីរបស់រដ្ឋ ក្នុងអនុក្រឹត្យរបស់យើងគឺកំណត់ ១១០ម៉ែត្រចែងងយើងត្រូវធ្វើកិច្ចការងារនេះ។»