គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុដើម្បីប្រែក្លាយខេត្តនេះជា ប៉ូលទី២ នៃច្រកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៦ ២០២០៖

សម្តេចតេជោហ៊ុន សែនបានអះអាងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តនេះ ជាប៉ូលទី២នៃច្រកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ទំាងវិស័យទេសចរណ៍ និងការវិនិយោគ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាបានឲ្យដឹងថា ការដែលយកថវិការប្រមាណជាង ៣០០ លានដុល្លារ ទៅសាងសង់ផ្លូវទំាង៣៤ខ្សែក្នុងខេត្តព្រះសីហនុនេះ គឺដើម្បីជំរុញការលើកកម្ពស់សោភ័ណភាពខេត្តនេះ ឲ្យកាន់តែស្រស់ស្អាត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។
សម្តេចតេជោបញ្ជាក់ថា ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ។
« ទាក់ទិនជាមួយការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលគណៈកម្មធិការក៏បានយល់ហើយរឿងសំខាន់របស់យើង គឺធ្វើយ៉ាងមិចឲ្យទីក្រុងដែលជាច្រកចេញតែមួយគាត់ នៅក្នុងផ្លូវសមុទ្ររបស់យើងនេះ គឺនៅខេត្តព្រះសីហនុឲ្យទៅជាច្រកកំណើនសេដ្ឋកិច្ច ដែលតភ្ជាប់រវាងប៉ូលទី១និងប៉ូលទី២ នៃ ប្រទេសកម្ពុជារបស់យើង។ ខ្ញុំសូមរំលឹកបន្តិចថា ប៉ូលរបស់ប្រទេសកម្ពុជាយើងបែងចែកជា៣ប៉ូល បើគិតទាក់ទិននិងបញ្ហាសេដ្ឋកិច្ច ប៉ូលទី១គឺភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ ប៉ូលទី៣គឺខេត្តសៀមរាប ហើយខ្ញុំសង្ឃឹមថាប៉ូលទី៤និងកើតនៅឦសានដែលជាប៉ូលខ្លាំង ទៅលើវិស័យកសិឧស្សាហកម្មនៅពេលខាងមុខ ហើយក៏អាចមានធនធានរ៉ែនៅទីនោះផងដែរ ។ ក៏ប៉ុន្តែឥលូវយើងគិតអំពីបញ្ហាប៉ូលទី១នៅភ្នំពេញ ប៉ូលទី២នៅខេត្តព្រះសីហនុ ប៉ូលទី៣នៅសៀមរាប ដែលសុទ្ធតែជាប៉ូលនៅកំណើនសេដ្ឋកិច្ច ហើយអ្វីដែលខ្ញុំធ្លាប់និយាយជាបន្តបន្ទាប់ គឺខ្ញុំចង់ផ្សារភ្ជាប់ឲ្យទៅជាច្រកកំណើនសេដ្ឋកិច្ច រវាងប៉ូលទី២និងប៉ូលទី៣ ដែលផ្សារភ្ជាប់គ្នាតាមផ្លូវដងជាតិលេខ៤ ហើយជារបៀងនៅទិសខាងលិចរបស់យើង ។ អញ្ចឹងទេ បើយើងមិនធ្វើទេខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការខ្ទិចខ្ទាំផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយកុំថាឡើយគួចចំរើន១ គួចចំរើន២០ទៀតក៏នៅតែអញ្ចឹងដែរ »៕