រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះសម្មភាពរបស់ ក្លឹបកីឡាប្រដាល់ វិបុល ដារិទ្ធឹ ខណ្ឌពោធិ៍សែនជ័យ និងលើកទឹកចិត្តអោយបន្តកិច្ចការងារនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០១ មិថុនា ២០២០៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះសម្មភាពរបស់ ក្លឹបកីឡាប្រដាល់ វិបុលដារិទ្ធឹខណ្ឌពោធិ៍សែនជ័យ ហើយបានលើកទឹកចិត្តអោយបន្តកិច្ចការងារនេះ ដើម្បីទទួលបានជោគជ័យ។
នៅក្នុងឱកាសអនុញ្ញាតអោយ លោក ឡុង វិបុល ប្រធានក្លឹបប្រដាល់វិបុលដារិទ្ធឹ ខណ្ឌពោធិ៍សែនជ័យ ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះសម្មភាពរបស់ ក្លឹបកីឡាប្រដាល់នេះ និងលើកទឹកចិត្តអោយបន្តកិច្ចការងារនេះ ដើម្បីទទួលបានជោគជ័យ ។
តាមការបញ្ជាក់របស់លោក ឡុង វិបុល ប្រធានក្លឹបកីឡាប្រដាល់ វិបុលដារិទ្ធឹខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ក្លឹបរបស់លោកបានបង្កើតឡើងអស់រយៈពេល ៨ ឆ្នាំមកហើយ បច្ចុប្បន្ននេះ មានសិស្សចំនួន១៥ នាក់កំពុងហាត់រៀនប្រដាល់សេរី ។ ជាជំហ៊ាន ទៅមុខនេះ លោកមានគម្រោងរៀបចំសាងសង់ជាកន្លែងហាត់ប្រដាល់អោយបានសមរម្យ ស្អាតល្អជាងពេលនេះ ។ លោក បញ្ជាក់ថា លោកអភិបាលខណ្ឌពោធិ៍សែន បានជួយផ្តល់ដី១កន្លែងសម្រាប់សាង់សង់ ប៉ុន្តែមិនទាន់អាចកំណត់បានថារួចរាល់ពេលណានោះទេ ដោយសារបញ្ហាខ្វះខាតថវិកា នឹងកំពុងស្នើសុំការជួយគាំទ្រពីសប្បុរសជននានា ដើម្បីអាចដំណើរការសាង់។ នៅក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តល់អំណោយជាអង្ករ ១ តោន រួមទាំងថវិកា ១លានរៀល ដល់ក្លឹបកីឡាប្រដាល់ វិបុល ដារិទ្ធឹខណ្ឌពោធិ៍សែនជ័យនេះផងដែរ។
លោក ឡុង វិបុល បាន អំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានផ្តល់នូវអំណោយជាអង្ករ និង ថវិកា នាពេលនេះ ដើម្បីទុកផ្គត់ដល់កីឡាករដែលកំពុងហាត់រៀនប្រដាល់នៅក្នុងក្លឹប ដែលមានទីតាំងនៅក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ពន្ធ័កីឡាប្រដាល់នេះដែរ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានជម្រាបជូនពីគម្រោងរៀបចំកីឡាប្រដាល់ តាមរយៈកិច្ចសហការជាមួយសហពន្ធ័កីឡាប្រដាល់កម្ពុជា និងអ្នករៀបចំកីឡាប្រដាល់របស់ថៃ ក្នុងការរៀបចំការប្រដាល់ជាលក្ខណះ អន្តរជាតិ ហើយផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ។ ដូច្នេះនាឱកាសនេះ ឯកឧត្តម អគ្គនាយក ទទក បានបញ្ជាក់ពីការ ធ្វើកិច្ចសហការជាមួយ ក្លឹបកីឡាប្រដាល់ វិបុលដារិទ្ធឹខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើយ៉ាងណាអោយកិច្ចការងារនេះបានដំណើរការទៅបានល្អប្រសើរ៕