ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញអោយក្រុមការងាររបស់ ក្រសួង សហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ ត្រូវ ពិនិត្យចំពោះក្រុមហ៊ុនលក់ផលិតផល ណា ផ្សព្វផ្សាយពីការផ្តល់ជូននូវរង្វាន់ ដែលហួសពីការពិត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០១ មិថុនា ២០២០៖

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញអោយក្រុមការងាររបស់ ក្រសួងព័ត៌មាន សហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ ត្រូវធ្វើការពិនិត្យចំពោះក្រុមហ៊ុនលក់ផលិតផល ណា ផ្សព្វផ្សាយពីការផ្តល់ជូននូវរង្វាន់ជាច្រើន ដែលហួសពីការពិត។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នៃ ក្រសួងព័ត៌មាន នៅថ្ងៃទី១ខែមិថុនា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ចំពោះបញ្ហាទាក់ទងនឹងការផ្សាយពាណិជ្ជកម្ម ដែលមានការផ្តល់រង្វាន់យ៉ាងច្រើនដល់អតិថិជន មានភាពមិនច្បាស់លាស់នោះ ក្រុមការងាររបស់ ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ពាក់ពន្ធ័ធ្វើការពិនិត្យចំពោះក្រុមហ៊ុនលក់ផលិផលទាំងនោះ ដើម្បីមានវិធានការ ព្រោះវាជាការរំលោភលើសេចក្តីទុកចិត្ត ដល់អ្នកប្រើប្រាស់។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះកិច្ចការងារនេះ កន្លងមកក្រសួងព័ត៌មាន បានអនុញ្ញាត្តិអោយមានការផ្សាយពាណិជ្ជកម្ម ដោយមានភ្ជាប់នូវរង្វាន់ថែមទៀតនោះ គឺអនុញ្ញាត្តអោយផ្សាយតែ ២ សប្តាហ៍មុន ពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំចិនចូលឆ្នាំខ្មែរ និងបុណ្យអ៊ុទូក តែប៉ុណ្ណោះ។ ដូច្នេះត្រូវពិនិត្យការងារនេះឡើងវិញ ហើយត្រូវជម្រាប ដល់បណ្តាក្រុមហ៊ុន ត្រូវបកចេញរាល់រូបភាព ផ្សាយពាណិជ្ជកម្ម ដែលមានភ្ជាប់ការផ្តល់រង្វាន់ចេញពីតាមទីសាធារណៈនានា នៅពេលផុតកំណត់ការអនុញ្ញាត្តិ បើមិនបកចេញទេ មន្ទីរព័ត៌មាន តាមបណ្តាខេត្ត រាជធានី ត្រូវដើរបកចេញ ហើយក្រុមហ៊ុនត្រូវបង់ថ្លៃ ដល់អ្នកដែលចុះបកររូបភាពនោះចេញផងដែរ៕