របាំបើករបងនៅតែមានវត្តមានដ៏សំខាន់ក្នុងពិធីមង្គលការក្នុងខេត្តតាកែវ

វិទ្យុជាតិកម្ពុជា៖ជួន បូណា ០១ ខែមិថុនា ឆ្នាំ២០២០៖

របាំបើករបងដែលជាប្រពៃណីដ៏សំខាន់ក្នុងពិធីមង្គលការនៅតែមានវត្តមាននៅឡើយក្នុងខេត្តតាកែវ ព្រោះប្រជាជនយល់ថាទំនៀមទម្លាប់នេះ បានជួយលើកកម្ពស់តម្លៃស្រ្តីនិងកូនស្រី។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវ បានឱ្យដឹងថា កម្មវិធីបើករបងនៅក្នុងពិធីមង្គលការ គឺជាប្រពៃណីមួយដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ ដែលមាន៣របង គឺ មានរបងរមាស របងដំរី និងរបងលោកមេបា ក្នុងការលើកកម្ពស់តម្លៃរបស់កូនស្រី។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅឯទីរួមខេត្ដតាកែវ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវបានអះអាងថា ដោយសារតែកម្មវិធីបើករបងនេះ មានអត្ថន័យជ្រៀលជ្រៅក្នុងការលើកកម្ពស់តម្លៃរបស់កូនស្រី ដូច្នេះប្រជាពលរដ្ឋនៅក្នុងខេត្តនេះនៅតែបន្តអនុវត្តតាមព្រៃណីនេះ រហូតមកដល់សព្វថ្ងៃក្នុងពិធីមង្គលការកូនប្រុសកូនស្រីរបស់ខ្លួន។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការបន្តអនុវត្តកម្មវិធីរបាំបើករបងក្នុងកម្មវិធីអាពាពិពាហ៍នេះ គឺជាការអភិរក្សតម្លៃទំនៀមទំលាប់វប្បធម៌ខ្មែរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយអនុវត្ដ និងប្រតិបត្ដិតាម កុំឱ្យទំនាមទំលាបនេះបាត់បង់ខណៈកម្មវិធីបើករបងនេះស្ទើតែពុំមានលើកយកមកអនុវត្តនៅក្នុងពិធីបង្គលការ របស់ប្រជាពលរដ្ឋនៅតាមរាជធានីខេត្តមួយចំនួនទៀត ដោយយល់ថាខាតពេលវេលា និងខាតបង់ប្រាក់ផង។
«មន្ទីរវប្បធម៌កំពុងតែអភិរក្ស តែត្រូវបន្ថយបទចម្រៀងជាជាច្រើនឱ្យមកនៅមួយបទ និងកាត់បន្ថយពេលវេលាដែលយើងអភិរក្ស អភិរក្សដែលថែរក្សនូវទំរងដើម ដែលដើមកំណើតចម្រៀងនៅដដែល ចឹងយើងមើលទៅលើចម្រៀង គឺឃើញការអភិរក្ស គឺមិនមានកាត់ចោលទេ»។
លោក ប៉ាន់ សិរីវុឌ្ឍ អាចារ្យអាពាពិពាហ៍ខេត្ដតាកែវ បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្ដតាកែវនៅតែគោរពប្រតិបត្ដិនូវទំនៀមទំលាប់ប្រពៃណីរបាំបើករបងក្នុងពេលរៀបចំអាពាពិពាហ៍ ប៉ុន្ដែគ្រាន់តែកាត់ពេលឱ្យវេលាឱ្យខ្លីជាងមុនតែប៉ុណ្ណោះនោះទេ ដើម្បីយកវេលាដល់កូនប្រុស និងកូនស្រី។សំឡេង«.ការបើរបងបើយើងរៀបរាងឱ្យកើតថ្មីមកវិញគឺជារឿងល្អហើយ ព្រោះរឿងនេះមានតាំងពីបុរាណ្យ តែវាគ្រាន់តែបាត់ឯកសារដើមទេ ហើយអ្វីដែលនូវសល់គឺចម្រៀង អញ្ចឹងកន្លែងខ្លះលោកក៏កាត់ចោល កន្លែងខ្លះលោករក្សាទុកប៉ុន្ដែវាសមយោគទៅតាមពេលវេលា ឥឡូវនេះយើងការតែ១យប់ពីថ្ងៃ ចឹងអ្វីដែលសំខាន់នោះគឺសំពះវេលាចឹងខ្មែរអស់វេលានៅថ្ងៃត្រង់ ផុតពីថ្ងៃត្រង់ទៅគឺចប់ហើយ ចឹងបើយើងនៅតែអូសបន្លាយ ចឹងអត់ទាន់វេលា ចឹងលោកអាចារ្យចាំបាច់ណាស់ដែលោកត្រូវចេះកាត់កង ព្រោះលោកអាចារ្យជាអ្នកទទួលខុសត្រូវវេលា ព្រោះវេលាជាមាស ជាប្រាក់»។
លោកអាចារ្យបានបញ្ជាក់ថា របាំបើករបងនេះ គេនិយមប្រារព្ធឡើងនៅក្នុងពិធីក្រុងពាលី ឬមុនពិធីសូត្រមន្តនៃថ្ងៃចូលរោងមង្គលការ។ នៅក្នុងពិធីនេះ ដោយមានអ្នកសម្តែងមានគ្នាប្រហែលជាង១០នាក់ គឺមានអ្នកភ្លេង អ្នករំា និងអ្នកច្រៀង យ៉ាងពិរោះរណ្តំ ដើម្បីសុំបើករបងអាចចូលផ្ទះកូនស្រី។
លោកបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ក្នុងកម្មវិធីអាពាពិពាហ៍នេះ បន្ទាប់ពីមានក្រុមភាគតិចមួយចំនួនបានចម្លងពីវប្បធម៌បរទេសយកមកប្រព្រឹត្ដខុសឆ្គង ដែលមិនមែនជាវប្បធម៌ប្រពៃណីខែ្មរ។
លោក ចាន់ វណ្ណរិទ្ធ ជាយុវជនមួយរូប បានឱ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋមួយរូប បានគាំទ្រ និងចូលរួមថែរក្សា អភិរក្ស ដើម្បីទុកសម្បត្ដិវប្បធម៌ខែ្មរដែលមានតម្លៃថ្លៃថ្នូរ និងបង្ហាញដល់បណ្ដាប្រទេសមួយចំនួនកាន់តែបានស្គាល់ច្បាស់ពីវប្បធម៌ខ្មែរដ៏ផូផង់មួយនេះ៕