ក្រសួងកសិកម្មខិតខំព្យាយាមរក្សាស្ថេរភាពតម្លៃជ្រូក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន បានឱ្យដឹងថានឹង ព្យាយាមរក្សាស្ថេរភាពតម្លៃជ្រូក និងកាត់បន្ថយការនាំចូលជ្រូកពីក្រៅប្រទេស ដើម្បីជំរុញឱ្យមានកំណើនផលិតកម្មក្នុងស្រុក និងធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកទទួលបានផលចំណេញពីការចិញ្ចឹមជ្រូក។

ឯកឧត្តមបានប្រាប់សារព័ត៌មានក្នុងស្រុកថា តម្លៃជ្រូករស់ក្នុងស្រុកចន្លោះពី ១១០០០ទៅ១២០០០ ក្នុងមួយគីឡូក្រាម។បច្ចុប្បន្ន អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានកាត់បន្ថយចំនួននាំចូលជ្រូកប្រមាណ៥០%។ ប្រសិនបើកសិករបង្កើនការចិញ្ចឹមបានកាន់តែច្រើន ក្រសួងកសិកម្មនឹងកាន់តែកាត់បន្ថយនាំចូលឱ្យតិចជាងមុន ដើម្បីរក្សាស្ថេរភាពតម្លៃជ្រូកក្នុងស្រុក។
មន្ត្រីជំនាញបានធ្វើការយ៉ាងជិតស្និតជាមួយអ្នកចិញ្ចឹមសត្វដោយផ្ទាល់ ប្រសិនបើជ្រូកស្រុកចិញ្ចឹមបានច្រើន ឯកឧត្តមនឹងប្រាប់ទៅឈ្មួញឱ្យបន្ថយការនាំចូលដើម្បីកុំឱ្យតម្លៃជ្រូកក្នុងស្រុកចុះថោក។
ក្នុងមួយថ្ងៃកម្ពុជានាំចូលប្រមាណពី២ពាន់ក្បាល ទៅ៤០០០ក្បាល ខណៈតម្រូវការក្នុងស្រុកគឺ ៨០០០ ទៅ៩០០០ក្បាលក្នុងមួយថ្ងៃ។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំនេះ ការនាំចូលមេនិងកូនជ្រូកពូជប្រមាណ៧ម៉ឺនក្បាល ខណៈឆ្នាំ២០១៩ ការនាំចូលជ្រូកពូជនេះ មានប្រមាណតែ២ម៉ឺនក្បាលប៉ុណ្ណោះ ដែលសបញ្ជាក់ថាឆ្នាំនេះ កសិករកម្ពុជាពង្រីកការចិញ្ចឹមជ្រូកកាន់តែច្រើនជាងមុន៕