ប្រធានមន្ទីរកសិកម្មខេត្ដតាកែវ ដាក់ចេញផែនកាបង្កើនសមត្ថភាព ពង្រីកការធ្វើកសិកម្ម និងការចិញ្ចិមសត្វដល់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

ប្រធានមន្ទីរកសិកម្មខេត្ដតាកែវ បញ្ជាក់ថា មន្ទីរបានដាក់ចេញផែនកាបង្កើនសមត្ថភាព ពង្រីកការធ្វើកសិកម្ម និងការចិញ្ចិមសត្វដល់ប្រជាកសិករ ដើម្បីធានាការផ្គត់ផ្គង់ស្បៀង បន្លែ សាច់ក្នុងស្រុក និងឈានទៅនាំចេញទៅក្រៅប្រទេស។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ បានដាក់ផែនការពង្រឹងសមត្ថភាព និងពង្រីកការគ្រប់គ្រងមន្ត្រីក្រោមឱវាទឱ្យកាន់តែសកម្ម ក្នុងការជំរុញការដាំដុះ ថែទាំ ដាំណាំស្រូវ និងដំាំណាំផ្សេងៗទៀត តាមបច្ចេកទេសទំនើបដោយប្រើប្រព័ន្ធ ដំណាក់ទឹក ផ្ទះសំណាញ់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ម្យ៉ាងវិញទៀត ពង្រីកការងារចិញ្ចិមសត្វតាមបច្ចេកទេសឱ្យមានកំណើនលើស៣ភាគរយ និងអត្រាសត្វស្លាបប្រមាណ៥ភាគរយ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា បានជំរុញការដាំដុះ និងពង្រីកការងារចិញ្ចិមសត្វនេះ ក្រសួងក៏មានវិធានការពង្រឹង និងបង្កើនសមត្ថភាពការគ្រប់គ្រងជី ថ្នាំកសិកម្ម និងទប់ស្កាត់ការនាំបក្សី ផលិតផលបក្សីខុសច្បាប់ពីប្រទេសជិតខាង ធ្វើជីវសុវត្ថិភាពតាមកសិកដ្ឋាន ចិញ្ចិមបក្សី កន្លែងប្រមូលផ្ដុំបក្សី សត្ដឃាតបក្សី។
ទន្ទឹមនឹងការពង្រីកការធ្វើកសិកម្ម និងការចិញ្ចិមសត្វនេះ លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា មន្ទីរនិងសហការជាមួយដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងកសិករ ដើម្បីរកទីផ្សារទិញលក់ជូនប្រជាពលជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ លោកប្រធានមន្ទីរ ក៏បានចុះណែនាំ និងអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ ដើម្បីទទួលបានចំណេះដឹងបច្ចេកទេសក្នុងការចិញ្ចិមសត្វ និងដំណាំទទួលបានទិន្នផលខ្ពស់៕