ក្រសួងអប់រំប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមឆ្លើយតបក៍ដូចជាធានាឲ្យមានការសិក្សាបន្តដល់កុមារ ក្នុងកំឡុងពេលដែលកម្ពុជាប្រឈមនឹងវិបត្តិកូវីត១៩

វិទ្យុជាតិកម្ពុជា៖ស្រីផល 01,06,2020៖

 ក្រសួងអប់រំយុវជននិងកីឡា ប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមឆ្លើយតបក៍ដូចជាធានាឲ្យមានការសិក្សាបន្តដល់កុមារ ដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងបន្ថែម ខណៈដែលកម្ពុជាប្រឈមនឹងវិបត្តិកូវីត១៩។ 

ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការគណៈកម្មាធិការ  ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអប់រំយុវជននិងកីឡា បានសហការជាមួយស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមគ្រប់គ្រងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។ ក្នុងនោះក្រសួង ក៏បានដាក់ចេញនូវវិធានការជាច្រើន ដោយចែកចេញជាបួនចម្បងៗគឺ វិធានការសុខភាព,ការរៀបចំរដ្ឋបាលបែបឌីជីថល ,ការលើកកម្ពស់វិធានការគំលាតសុវត្ថិភាព និងការរៀបចំផ្ដល់សេវាការសិក្សាពីចម្ងាយ ដែលក្រសួងអប់រំយុវជន និងកីឡាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង នៅក្នុងការចូលរួមឆ្លើយតប ក៏ដូចជាធានាឲ្យមានការសិក្សាជាបន្ត ជូនទៅដល់សិស្សានុសិស្សគ្រប់កម្រិត ដើម្បីទទួលបានការសិក្សាបន្ថែម។

ឯកឧត្តមបានបន្តទៀតថា ក្រសួងអប់រំយុវជន និងកីឡា ក៍បានសហការជាមួយនឹងក្រសួងព័ត៌មាន ដើម្បីឲ្យមានការបង្រៀននេះជាបន្ត ដើម្បីបង្កើនលទ្ធភាពជូនទៅដល់កុមារនៅទូទាំង ២៥ រាជធានី-ខេត្ត អាចទទួលបានចំណេះដឹងបន្ថែមតាមរយះការរៀនតាមទូរទស្សន៍ ក៍ដូចជាការផ្សព្វផ្សាយតាមរយះប្រព័ន្ធអេឡិចត្រូនិចនានា។

ជាពិសេសនៅក្នុងឪកាសនេះ គឺយើងផ្តោតទៅលើការងាររបស់កុមារ អញ្ចឹងនៅក្នុងការងារមត្តេយ្យសិក្សា ប្រសិនបើយើងក្រឡេកទៅមើលផ្នែកមួយនេះ នៃការងារអប់រំ គឺក្រសួងអប់រំយុវជន និងកីឡា បានផលិតខ្សែវីដេអូសម្រាប់កុមារតូចនៅថ្នាក់មតេ្តយ្យសិក្សាហើយនៅក្នុងនោះក៏មានមុខងារជាចំនួន ៥ ដូចជា ចិត្តចលភាព,វិទ្យាសាស្រ្ត,សិក្សាសង្គម,បុរេគណិត,និងភាសាខ្មែរ,ដែលមានផ្សាយជូននៅក្នុងប្រព័ន្ធទាក់ទងផ្សេងៗ ហើយខ្ញុំបាទសុំអនុញ្ញាតជម្រាបជូន ដល់ប្រិយមិត្តទាំងអស់ថា នេះគឺជាបណ្ដាញដែលប្អូនប្អូនសិស្សានុសិស្សអាចទាញយកការសិក្សា ក៏ដូចជាទស្សនាការផ្សាយនៅតាមទូរទស្សន៍ទទក២ ដែលជាការងារមួយ ក្រសួងអប់រំយុវជននិងកីឡា បានការជាមួយក្រសួងព័ត៌មានផ្ទាល់តែម្តង តាមរយៈការចុះហត្ថលេខាទៅលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទាំងពីរ ដើម្បីបន្តផ្ដល់ជូនការសិក្សាពីចម្ងាយ ជូនទៅដល់សិស្សានុសិស្សគ្រប់កំរិតសិក្សា។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់រវាង ក្រសួងទាំង២ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន។