សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកុមារ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៦ ២០២០

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដើម្បីប្រឆាំងរាល់សកម្មភាព ការរំលោភបំពាន អំពើហិង្សា ឬការទុកចោលដោយមិនយកចិត្តទុកដាក់ជាដើម ។

ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះការរំលឹកឡើងវិញនូវសិទ្ធិកុមារនៅក្នុងទិវាដ៏ថ្លៃថ្លានេះ ។ កុមារ គឺជាធនធានមួយដ៏ចាំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកចំពោះកុមារ គឺជាការសំឡឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេស។

អនុលោមតាមគោលដៅ និងដំណើរបេសកកម្មឆ្ពោះទៅមុខឥតឈប់ឈររបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់សកម្មភាពយកចិត្តទុកដាក់ដល់កុមារ និងចូលរួមចំណែកជាមួយជនរួមជាតិទាំងអស់ជាពិសេសប្អូនៗកុមារជាទីស្រលាញ់ ក្នុងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាលេខ ១៨២ របស់អង្គការពលកម្មអន្តរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ-អន្តរជាតិស្តីពីសិទ្ធិកុមារផ្សេងៗទៀត។

អំឡុងពេលសង្គ្រាម ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុមារពុំមានសិទ្ធិជាមូលដ្ឋាន ដូចជាប្រជាជនពេញវ័យទាំងឡាយដែរ ហើយមិនមានឱកាសទទួលបានការសិក្សារៀនសូត្រ ឬសូម្បីតែនៅជួបជុំជាមួយគ្រួសារ។ ក្រោយរបបនេះ កុមារជាច្រើនកំព្រាឪពុកម្តាយ និងខ្វះអាហារូបត្ថម្ភ ដែលបានបន្តជាផលវិបាកជាបន្តបន្ទាប់ ដល់ការរីកលូតលាស់ ទាំងផ្លូវកាយ និងបញ្ញារបស់កុមារជារួម។ ក្រោយទទួលបានសន្តិភាពពេញលេញ ព្រះរាជាណាចក្រកម្ពុជាបានខិតខំលើកស្ទួយសិទ្ធិកុមារ ជាពិសេសលើកកម្ពស់ការសិក្សាអប់រំដល់កុមារកម្ពុជាគ្រប់រូបឲ្យមានសិទ្ធិស្មើៗគ្នា ហើយរហូតបច្ចុប្បន្ន វាជាសេចក្តីអំណរពន់ពេកដែលសូចនាករសង្គមជារួមពាក់ព័ន្ធនឹងសិទ្ធិ សុខុមាលភាព និងការសិក្សារបស់កុមារ កាន់តែប្រសើរឡើង។

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងបរិបទនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ នឹងបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល និងបន្តយុទ្ធនាការផ្សព្វផ្សាយ ពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅតាមរាជធានី ខេត្ត ទាំង ២៥ ជាពិសេសការបញ្ជ្រាបការយល់ដឹងដល់មាតាបិតា និងអាណាព្យាបាលកុមារ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កុមារគ្រប់រូបដែលជាអនាគតរបស់កម្ពុជា ៕