អាជ្ញាធរខេត្តប៉ៃលិនបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែរនិងផ្លូវបេតុង១ខ្សែរនៅក្នុងក្រុងប៉ៃលិន

វិទ្យុជាតិកម្ពុជា៖

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិនថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែរនិងផ្លូវបេតុង១ ខ្សែរនៅក្នុងក្រុងប៉ៃលិន ឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ នយោបាយឈ្នះ ឈ្នះ របស់សម្តេចជោ សែន បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយសុខសាន្ត ដោយចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែងដើម្បីឆ្លើយទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានចាប់ផ្តើមបើកការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែរ និងផ្លូវបេតុង ១ខ្សែរ ហើយផ្លូវនេះគឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរខេត្ត បើកការដ្ឋាស្ថាបនានាពេលនេះ គឺមានប្រវែង ១៩៩០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែរ ប្រវែង១៦៩០ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែរ ប្រវែង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕  ញ៉ឹប បូរី ប៉ៃលិន