រយៈពេល១ខែ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០១ ០៦ ២០២០
MC៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍អះអាងថា រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ចំនួនអ្នកស្លាប់ និងរបួសមានការថយចុះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ស្ដីពីលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថាស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើនឹង៣៧ ភាគរយ អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើនឹង២៧ភាគរយ អ្នករងរបួសថយចុះ១៦២ នាក់ ស្មើនឹង៣២ភាគរយ។
ប្រភពដដែលបន្ដថា អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើន លើសលប់នៅទូទាំងប្រទេស បានចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរ មានការយោគយល់អធ្យាស្រ័យ និងមានសណ្ដាប់ធ្នាប់ល្អ ដែលបានឆ្លុះបញ្ចាំងអំពីចូលរួមលើកកម្ពស់ កិត្តិយស និងភាពថ្លៃថ្នូររបស់សង្គមជាតិ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបណ្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ថា កងកម្លាំងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងបន្តធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយភាពម៉ឺងម៉ាត់ និងសីលធម៌វិជ្ជាជីវបន្តទៀត។ ម៉្យាងវិញទៀត បើទោះបីជាក្នុងខែឧសភាកន្លងទៅនេះ ស្ថានភាពចរាចរណ៍មានភាពកាន់តែល្អប្រសើរក្ដី ប៉ុន្តែ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានតួលេខគួរឱ្យបារម្ភ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនបានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់នៅតែបន្តកើតមាន។
ប្រការទាំងនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ដូច្នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែអំពាវនាវយ៉ាងទទូចដល់ សាធារណជន ពិសេសអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យ បានព្រមៗគ្នា ដោយត្រូវបំពេញកាតព្វកិច្ចផ្សេងៗ ដែលច្បាប់បានកំណត់ ប្រកបដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរួមចំណែកលើកស្ទួយកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយើង។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត បន្តការរឹតបន្តឹង និងការផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។