លោក ត្រាំ ពន្យារពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដល់ខែកញ្ញា ដោយគ្រោងនឹងអញ្ជើញប្រទេសរុស្ស៊ីចូលរួមដែរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ — ក្រុមអ្នកសារព័ត៌មាននៃសេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពន្យារពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ចាប់ពីចុងខែមិថុនាដល់ខែកញ្ញាខាងមុខ ហើយគ្រោងនឹងអញ្ជើញ​ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង អូស្រ្តាលី និងឥណ្ឌា ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ក្រុមសារព័ត៌មាននេះបាននិយាយថា «លោក [ប្រធានាធិបតី] បានធ្វើព័ត៌មានខ្លះៗដែលលោកបានអនុញ្ញាតឱ្យក្រុមអ្នក​សារ័ត៌មានយើងប្រើប្រាស់នូវកំណត់ត្រាអំពីក្រុមប្រទេស G7 ។ លោកនឹងពន្យារពេលរហូតដល់ខែកញ្ញាខាងមុខ ហើយគ្រោងនឹងអញ្ជើញ​ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង អូស្រ្តាលី និងឥណ្ឌា»។

អ្នកសារព័ត៌មានបានដកស្រង់សម្តីរបស់លោក Trump ដែលបាននិយាយថា «ខ្ញុំមិនមានអារម្មណ៍ថា ក្រុមប្រទេស G7 ជាតំណាងឱ្យអ្វីដែលកំពុងកើតឡើងនៅលើពិភពលោកនោះទេ។ វាជាក្រុមប្រទេសដែលហួសសម័យហើយ»។

លោក Alyssa Farah នាយកផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រនៃសេតវិមានបាននិយាយថា កិច្ចប្រជុំកំពូលក្រុមប្រទេស G7 កំពុងប្រមូលផ្ដុំសម្ព័ន្ធមិត្តជាប្រពៃណីរបស់យើង ដើម្បីនិយាយអំពីរបៀបដោះស្រាយជាមួយអនាគតរបស់ចិន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)