ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ រាប់រយត្រូវបានរាយការណ៍ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃទី៣១ ខែឧសភា ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី បានរាយការណ៍អំពីការឆ្លងថ្មីនៃ​ជំងឺ កូវីដ-១៩ រាប់រយករណី ខណៈដែលប្រទេសថៃបានបញ្ជាក់ករណីនាំចូលថ្មីចំនួន ៤ ។

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានបញ្ជាក់ថា មានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១៨ករណីថ្មីទៀតកាលពីថ្ងៃទី៣១ ខែឧសភា ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៣៤.៨៨៤នាក់ ហើយអ្នកជំងឺថ្មីភាគច្រើន គឺជាកម្មករចំណាកស្រុកដែលស្នាក់នៅក្នុង​អន្តេវាសិកដ្ឋាន។

មានអ្នកជំងឺចំនួន ៣៧៤នាក់កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈដែល ១៣.២៤២នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការ​ដាច់ឱ្យនៅដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងនេះនាពេលបច្ចុប្បន្ន។

នៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសអំពីការឆ្លងថ្មីនៃវីរុស SARS-CoV-2 ចំនួន ៧០០ករណី ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកជំងឺសរុបនៅក្នុងប្រទេសនេះមានចំនួន ២៦.៤៧៣ករណី។

មន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto ក៏បានជូនដំណឹងអំពីអ្នកដែលស្លាប់ដោយសារជំងឺនេះមានចំនួន ៤០ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ១.៦១៣នាក់។ ក្រៅពីនេះ អ្នកជំងឺ ៧.៣០៨នាក់បាន​ជាសះស្បើយពេញលេញហើយរហូតមកដល់ពេលនេះ។

ទន្ទឹមនឹងនេះដែរ ប្រទេសថៃបានបញ្ជាក់អំពីករណីថ្មីចំនួន ៤ករណីដែលមកពីប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ហើយគ្មាន​អ្នកស្លាប់ទេកាលពីថ្ងៃទី ៣១ ខែឧសភា។ តួលេខសរុបបច្ចុប្បន្ននៅក្នុងប្រទេសថៃមានចំនួន ៣.០៨១នាក់ និងស្លាប់ ៥៧នាក់។

លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់រដ្ឋាភិបាលថៃបាននិយាយថា ការឆ្លងនៅ​ក្នុងសហគមន៍នៃមេរោគ SARS-CoV-2 នៅក្នុងប្រទេសថៃមានការថយចុះ ហើយប្រហែលជា ៨០ភាគរយនៃករណីថ្មីក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺជាជនជាតិថៃដែលត្រឡប់មកពីបរទេស។

នៅក្នុងប្រទេសហ្វីលីពីន ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ គ្រោងនឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក និងអន្តរជាតិ​មួយចំនួនឡើងវិញនៅថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីផ្អាកអស់រយៈពេលជាង ២ខែ។

ជើងហោះហើរទាំងនោះ រួមមានជើងហោះហើរភ្ជាប់ជាមួយសហរដ្ឋអាមេរិក វៀតណាម ចិនដីគោក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិនហុងកុង និងតៃប៉ិ សិង្ហបុរី ជប៉ុន អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត។ ចំណែកជើងហោះហើរក្នុងស្រុក រួមមានជើងហោះហើរពី​រដ្ឋធានីម៉ានីល ទៅកាន់ទីក្រុង Basco ទីក្រុង  Laoang ទីក្រុង Legazpi ទីក្រុង Puerto Princesa ទីក្រុង Busuanga និងទីក្រុង Bacolod៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)