វៀតណាមធ្វើជាសហប្រធាននៃការពិភាក្សា ស្តីពីកិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការ​សហប្រជាជាតិបានអះអាងថា កិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ គឺជាតម្រូវការចាំបាច់ និងជាការទទួលខុសត្រូវរួមគ្នារបស់​សហគមន៍​អន្តរជាតិ។

លោក Quy បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ិនធឺណេត ដែលរៀបចំរួមគ្នាដោយបេសកម្ម​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បេសកកម្មស្វីសប្រចាំនៅអង្គការសហប្រជាជាតិ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់​សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ​(UNEP) និងអង្គការសន្តិភាព PAX  ក្នុងការឆ្លើយតបនឹងទិវាសប្តាហ៍នៃកិច្ចការពារជនស៊ីវិលរបស់អង្គការសហប្រជាជាតិ។

លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់រដ្ឋនានា ដែលត្រូវយកចិត្តទុកដាក់ក្នុងការស្តារ បរិស្ថានឡើងវិញ បន្ទាប់ពីជម្លោះ​នា​នា ដើម្បីជួយប្រជាជនស៊ីវិលឱ្យមានស្ថិរភាពក្នុងជីវិតរស់នៅ និងរក្សាសន្តិភាពប្រកបដោយចីរភាព។

លោកបានប្រាប់អ្នកចូលរួមថា ភ្នាក់ងារពណ៌ទឹកក្រូច / ឌីអុកស៊ីន បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងបរិស្ថាន របស់ប្រទេសវៀតណាម ព្រោះថា ប្រជាជនវៀតណាមជាង ៣លាននាក់ គឺជាជនរងគ្រោះដោយសារធាតុឌីអុកស៊ីន និងដីរាប់សែន​ហិកតាត្រូវបានបំពុលដោយសារធាតុគីមី។

លោកបាននិយាយបន្ថែមថា ទន្ទឹមនឹងនេះដែរ ការដោះស្រាយផលវិបាកពីសារធាតុឌីអុកស៊ីនត្រូវការធនធាន និងពេលវេលា​យ៉ាងច្រើន។

អ្នកការទូតរូបនេះបានឆ្លៀតឱកាសថ្លែងអំណរគុណដល់បណ្តារដ្ឋ អង្គការ និងសហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភ​វៀតណាមក្នុងការបន្សាបជាតិពុលឌីអុកស៊ីន នឹងជួយជនរងគ្រោះដោយសារធាតុ ឌីអុកស៊ីននោះ។

បណ្តាប្រតិភូនៅក្នុងព្រឹត្តិការណ៍នេះ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ចពិភាក្សាបន្ថែមទៀតនៅឯយន្តការរបស់ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិនៅ UN ស្តីពីកិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ ព្រោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការ​ការពារបរិស្ថាន​ ការការពារជនស៊ីវិល និងគោលដៅអភិវឌ្ឍន៍។

ពួកគេបាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជន ក៏ដូចជាកាត់បន្ថយធនធានជាតិសម្រាប់បញ្ហាទាក់ទងនឹងបរិស្ថានផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា វាបានបង្កើតឱកាសសម្រាប់មេដឹកនាំ​ធ្វើការពិនិត្យ និងយកចិត្តទុកដាក់បន្ថែមទៀតទៅលើបញ្ហានានាទាក់ទងនឹងសន្តិសុខ និងសន្តិភាព៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)