សម្តេចតេជោហ៊ុនសែនអបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​

សម្តេចតេជោហ៊ុនសែនអបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនានិងខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ។

សម្តេចចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលើហ្វេសប៊ុករបស់ សម្តេចនៅព្រឹកថ្ងៃទី១ ខែមិថុនានេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។ 

ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។

សម្តេចតេជោបញ្ជាក់ថា ទោះបីឆ្នាំនេះប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង៕