បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ត្រលប់​ទៅ​មូលដ្ឋាន​វិញ បន្ទាប់ពី​នៅ​ដាច់ដោយឡែក​អស់​រយ​:​ពេល ១៤​ថ្ងៃ​

AKP ភ្នំពេញ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០

​អនុគណៈកម្មការ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានអនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ ក្នុងនោះ​ស្ត្រី ០៥​នាក់ ត្រឡប់​ទៅ​មូលដ្ឋាន​វិញ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​។​

​លោក សុខ ណា​រ៉េត អភិបាលរង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប តំណាង​លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ស្រុក ព្រមទាំង​ក្រុមការងារ​អនុគណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ស្រុក បាន​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​ភាព​អត់ធ្មត់​ក្នុងការ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​អនុវត្ត​ដាក់ឱ្យ​បងប្អូន​នៅ​ដាច់ដោយឡែក​រយ​:​ពេល ១៤​ថ្ងៃនេះ រហូត​បានបញ្ចប់​ដោយ​ជោគជ័យ និង​មាន​សុខភាព​ល្អ​។
​លោក​អភិបាលរង​ក៏បាន​ចូលរួម​រីករាយ​ចំពោះ​ក្រុមការងារ​ច​ត្តា​ឡី​ស័ក និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​តេ​ស្តិ៍​សំណាក​រក​វីរុស​កូ​វីដ​-១៩​ទាំងអស់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ក្រឡាញ់ ដែលមាន​លទ្ធផល​អវិជ្ជមាន​។ ជាមួយនេះ លោក​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ការថែទាំ​សុខភាព​ដោយ​ការធ្វើ​អនាម័យ សម្អាត​ខ្លួនប្រាណ ដោយ​សាប៊ូ អាល់កុល អនាម័យ​ម្ហូបអាហារ និង​ជៀង​វាង​ការជួបជុំ​មនុស្ស​ច្រើន ការជួបជុំ​កម្មវិធី​ផ្សេងៗ ឱ្យបាន​ជាដាច់ខាត​ក្នុងការ​បង្ការ ទប់ស្កាត់​ជំងឺ​នេះ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​។​

​លោក សុខ ណា​រ៉េត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំឱ្យ​ជឿ​ពាក្យ​ល្បួងលួងលោម​របស់​មេខ្យល់​ថា​អាច​ជូន​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​នៅក្នុង​កាលៈទេសៈ និង​ស្ថានភាព​នៃ​ការ​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ បងប្អូន​ត្រូវ​បន្ត​ការពារ​ខ្លួន និង​ក្រុមគ្រួសារ ព្រមទាំង​ប្រកប​របរ​បន្ទាប់បន្សំ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​បង្កបង្កើន​ផលដំណាំ ដាំ​ដុះ ចិញ្ចឹមសត្វ គ្រាន់​បាន​បេះបោច​កំដរ​ឆ្នាំងនិង​កាត់បន្ថយ​ចំណាយ​ប្រចាំថ្ងៃ​៕
​ដោយ នី​កា (​ប្រភព​៖ រដ្ឋបាល​ស្រុក​ក្រឡាញ់​)​