កងកម្លាំងមួកខៀវកម្ពុជា កំពុង​បំពេញ​ការងារ​នៅប្រទេសម៉ាលីម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុុជា៖លោកជួនបូណា

MC៖កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុង​បំពេញ​ការងារ​នៅប្រទេសម៉ាលីម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩​ ក្នុងនោះមាន២នាក់ទៀតត្រូវបានជាសះស្បើយឡើងវិញ។

ឯកឧត្តម​នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា​ ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។
ឯកឧត្តម​បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា កងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នេះ​ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០​ នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។

ឯកឧត្តម​បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕