អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា+ថៃ និងដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនការស្ថាបនាឱ្យសម្រេចតាមការគ្រោងទុក

វិទ្យុជាតិកម្ពុុជា៖

ប៉ៃលិន៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែរ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ចខ្ពស់នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា+ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត។
ញ៉ឹប បូរី ប៉ៃលិន