មន្ទីរកសិកម្មខេត្តប៉ៃលិនចុះផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនដល់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ មន្ទីរកសិកម្មខេត្តប៉ៃលិនចុះផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនដល់ ប្រជាកសិករនៅក្នុងខេត្តដើម្បីបំពេញតម្រូវការស្បៀងអាហារនិងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ប្រាបវិទ្យុជាតិកម្ពុជាឲ្យដឹងថា មកទល់ពេលនេះមន្រ្តីជំនាញរបស់មន្ទីរបានចុះទៅដល់ផ្ទះរបស់ ប្រជាពលរដ្ឋនៅតាមសហគមន៍តាមគោលដៅមួយចំនួន ដើម្បីប្រឹក្សានិងផ្តល់បច្ចេកទេសស្តីពីការចិញ្ចឹមមាន់សាច់និងការភ្ញាស់កូនមាន់លក្ខណៈគ្រួសារឲ្យទទួលបានទន្និផលខ្ពស់និងមានតម្លៃល្អសម្រាប់ទុកផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក។
លោកបានបន្តថា ការផ្តល់បច្ចេកទេសដល់ប្រជាជនស្តីពីការចិញ្ចឹមមាន់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរកប្រាក់ចំណូលបន្ថែមពីការធ្វើស្រែចំការ និងដើម្បីបង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។ លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះកសិដ្ឋាននៅក្នុងខេត្តមានការកើនឡើងចំនួន១៧កន្លែងបន្ថែមទៀតសំរាប់ប្រជាកសិករក្នុងការចិញ្ចឹមជាលក្ខណៈគ្រួសារ និង២កសិដ្ឋានធំៗចិញ្ចឹមយកពងនិងសាច់។
(សំឡេង) យើងចាត់មន្ត្រីជំនាញឲ្យចុះទៅផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹម ដោយសារគាត់កើនឡើងចំនួន ១៧ កន្លែងហ្នឹង ដោយសារមន្ត្រីរបស់យើងទៅផ្សព្វផ្សាយពីបច្ចេកទេសក្នុងការចិញ្ចឹម ធ្វើបទ បង្ហាញឲ្យគាត់ឃើញថាបច្ចេកទេសហ្នឹង ទទួលបានផល ដូចជាក្នុងករណីគាត់ចិញ្ចឹមយកមាន់ពងយកមាន់មកភ្ញាស់ កសិករចំនួន ១៧ ហ្នឹងគឺជាកសិករដែលគាត់មានទូភ្ញាស់ យើងឲ្យទូភ្ញាស់ទៅគាត់ ធ្វើលក្ខណៈបង្ហាញ ហើយពន្យល់ពីបច្ចេកទេសក្នុងការចិញ្ចឹម និងការថែទាំ ការអោយចំណីឱ្យគាត់យកចិត្តទុកដាក់រឿងហ្នឹង។
លោកក៍បានអំពាវនាវ ឲ្យប្រជាកសិករទាំងអស់ ផ្ដោតសំខាន់ទៅលើការចិញ្ចឹមតាម លក្ខណៈបច្ចេកទេស ហើយមុននិងធ្វើការផលិតអ្វីមួយត្រូវមានផែនការច្បាស់លាស់ មិនថាផែនការក្នុងគ្រួសារឬផែនការក្នុងអាជីវកម្មដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មសម្រេចបានជោគជ័យ ទទួលបានចូលច្រើន៕