សម្តេចតេជោ ហ៊ុន សែន ៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈ បណ្តាញសង្គម ហ្វេសបុក បាន សរសេរថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ សម្តេច តេជោបាន សរសេរ ថា “សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។

សម្តេច បាន អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។