សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងខេត្តកែប

AKP កែប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបកនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកែប នៅសាលប្រជុំធំសាលាខេត្តកែប ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ មកពីបណ្តាក្រសួងនានា សមាជិកព្រឹទ្ធសភា និងអភិបាលខេត្តជាប់សមុទ្រ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលខេត្ត។

យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋ អតីតអភិបាលរងខេត្តកែប ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជំនួស  ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ត្រូវបានចប់ អាណត្តិក្នុងរយៈពេល៨ឆ្នាំពេញ តាមប្បញ្ញត្តិច្បាប់កំណត់ និងត្រូវតែងតាំង ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ដោយឡែក លោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរង នៃ គណៈ អភិបាលខេត្តកែប។

ក្នុងពីធីប្រកាសចូលកាន់តំណែងនេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយ ចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឱ្យបានល្អតាមរយៈការ ផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល។ ត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យ បានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឱ្យ បានបញ្ហាគ្រឿងញៀន។ ត្រូវជំរុញការរៀបចំ និងតាមដានការអនុវត្តន៍ ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងផែនការសកម្មភាពរបស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តឱ្យបានល្អ។

សម្តេចក្រឡាហោម បានសុំណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕ ដោយ៖ ប្រាក់ លាង