ការអភិវឌ្ឍរបស់កម្ពុជាក្នុងពេល ៣០ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០៥ ២០២០៖

ធនាគារពិភពលោក លើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើ ក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច របស់ កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និង ផ្តល់ការងារ មាន កម្រៃ ប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៩ ខែឧសភានេះ បានបញ្ជាក់នូវអំណះអំណាងថា នៅក្នុងស្ថានភាពនេះ ភាពក្រីក្រ ក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី៣ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅ ខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិត នៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេស ក្នុងចំណោមក្រុម គ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗមានវិស័យទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្មផលិត និង ឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។
ជាមួយគ្នានេះ ឱនភាពសារពើពន្ធ នឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល២២ឆ្នាំកន្លងមក។
ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបាន ប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងារ របស់មនុស្សយ៉ាងហោចណាស់១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ ខណៈការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗ ដែលនឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យ ស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទាន បច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យ វិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយ វិបត្តិ កូវីដ-១៩នេះ និងក្នុងការ ពង្រឹងសេដ្ឋកិច្ច ឱ្យឆាប់ងើបឡើងវិញ និង មានភាពធន់ នាពេលអនាគត។ លោកស្រី បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ ជំនួយសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និង ជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម៕