លោក ត្រាំ សន្យាថា នឹងប្រើសិទ្ធិវេតូទៅលើច្បាប់ FISA  ប្រសិនបើវាត្រូវបានអនុម័តដោយ​សភាតំណាងរាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រើសិទ្ធិវេតូទៅ​លើច្បាប់ ស៊ើបការណ៍សម្ងាត់បរទេស (FISA) ប្រសិនបើសភាតំណាងអនុម័តទៅលើឯកសារនោះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ប្រសិនបើច្បាប់ FISA ត្រូវបានអនុម័តនៅយប់នេះនៅ​សភាតំណាងរាស្ត្រ ខ្ញុំនឹងវេតូទៅលើច្បាប់នេះឱ្យបានលឿន។ ប្រទេស​របស់យើងទើបតែទទួលរងនូវឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុត​នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ការរំលោភបំពានដ៏ធំនៃច្បាប់ FISA គឺជាផ្នែកធំមួយរបស់វា»។

នៅមុននេះ លោកប្រធានាធិបតីរូបនេះបានអំពាវនាវដល់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាកុំឱ្យបោះឆ្នោតទៅលើ​ឯកសារនេះ។

លោក ត្រាំ និងតំណាងរដ្ឋបាលរបស់លោកបានចោទប្រកាន់ម្តងហើយម្តងទៀតនូវមន្រ្តីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថា បានធ្វើចារកម្មនៅទីស្នាក់ការកណ្តាលយុទ្ធនាការរបស់លោក។ កាលៈទេសៈដំបូងនៃការឃ្លាំមើលបែបនេះបានក្លាយជាកម្មវត្ថុ នៃនីតិវិធី​យ៉ាងតិចបីដាច់ដោយឡែកពីគ្នាដោយក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក ដែលបំពេញមុខងារដោយអគ្គព្រះរាជអាជ្ញា។ អ្នកតំណាង​រដ្ឋបាលបានអំពាវនាវឱ្យស្វែងរកថា តើមានការរំលោភបំពានណាមួយក្នុងអំឡុងពេលការស៊ើបអង្កេតដោយមេធាវីពិសេសនៃក្រសួង​យុត្តិធម៌របស់សហរដ្ឋអាមេរិក គឺលោក Robert Muller។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចេញរបាយការណ៍ចុងក្រោយរបស់លោក Muller  ដោយលោកបានអះអាងថា ប្រទេសរុស្ស៊ីបានព្យាយាមជះឥទ្ធិពលទៅលើដំណើរការនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ កន្លងមក។ ទន្ទឹមនឹងនេះដែរ លោក Muller បានសារភាពថា ការស៊ើបអង្កេតមិនបានបង្ហាញពីការឃុប​ឃិតជាមួយអ្នកឈ្នះឆ្នោត លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ីនោះទេ។ លោក ត្រាំ ខ្លួនឯងផ្ទាល់បានហៅការស៊ើបអង្កេតដែលកំពុង​បន្តនេះថា ជា «ការប្រមាញ់អាបធ្មប់» ហើយបានបដិសេធរាល់ការចោទប្រកាន់អំពីការឃុបឃិតជាមួយទីក្រុងមូស្គូ។ ប្រទេសរុស្ស៊ីក៏​ធ្លាប់បានច្រានចោលផងដែរនូវការចោទប្រកាន់ជាច្រើនដងនៃការប៉ុនប៉ងជះឥទ្ធិពលទៅលើដំណើរការបោះឆ្នោតរបស់សហរដ្ឋអាមេរិក៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)