ឥណ្ឌូណេស៊ី៖ កម្មករចំនួន ៤០០.០០០នាក់ នៅក្នុងឧស្សាហកម្មស្បែកជើងបាត់បង់ការងារ​ដោយសារតែជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — យោងតាមស្ថិតិបឋមបានឱ្យដឹងថា កម្មករនិយោជិតប្រមាណជិត ៤០០.០០០នាក់នៅក្នុង​ឧស្សាហ-កម្មស្បែក និងស្បែកជើងរបស់ឥណ្ឌូណេស៊ី ត្រូវបានគេបញ្ឈប់ពីការងារ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

ប្រធានសមាគមអ្នកផលិតស្បែកជើងឥណ្ឌូណេស៊ី (Fisisindo) លោក Firman Bakri បាននិយាយថា ឧស្សាហកម្មស្បែក និងស្បែកជើងរបស់ប្រទេសឥណ្ឌូណេស៊ីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។

លោកបាននិយាយបន្ថែមថា ជាពិសេសចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មក ការផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតកម្មនេះត្រូវបាន​បង្អាក់ដោយសារតែអ្នកផ្គត់ផ្គង់ធំៗរបស់ចិនបានផ្អាកប្រតិបត្តិការ។

លោកបាននិយាយបន្តទៀតថា រោងចក្រជាច្រើនត្រូវបិទទ្វារជាបណ្តោះអាសន្ន ខណៈដែលរោងចក្រខ្លះនៅតែព្យាយាមរក្សា​ប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែមានសមត្ថភាពប្រមាណ ៤០ភាគរយប៉ុណ្ណោះដើម្បីបំពេញការបញ្ជាទិញនាំចេញ។

លោក Firman បានកត់សម្គាល់ថា ស្ថានភាពនេះអាចអូសបន្លាយពេលយូរ ហើយចំនួនកម្មករដែលត្រូវចាកចេញពីការងារនឹង​កើនឡើងនាពេលខាងមុខ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)