បណ្តាមន្រ្តីជាន់ខ្ពស់ APEC រៀបចំកិច្ចពិភាក្សានិម្មិត្ត ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាមន្រ្តីជាន់ខ្ពស់មកពីក្រុមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ( APEC ) បានបើកកិច្ចប្រជុំនិម្មិត្តមួយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបើកចំហទីផ្សារដើម្បីទប់ទល់នឹង​ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះដឹកនាំដោយលោក Hairil Yahri Yaacob មន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់​ប្រទេសម៉ាឡេស៊ី។

លោកបានជំរុញឱ្យអ្នកសេដ្ឋកិច្ចទាំងអស់ចូលរួមដើម្បីផ្តល់អាទិភាពដល់លំហូរនៃទំនិញ និងសេវាកម្មដែលចាំបាច់​នៅទូទាំង​តំបន់។

មន្ត្រីរូបនោះបាននិយាយថា នេះគឺជាគន្លឹះក្នុងការធានា ដែលសេដ្ឋកិច្ចរបស់សមាជិកអាចមានលទ្ធភាពងើបឡើងវិញ បន្ទាប់ពី​មានការរំខានផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោកបាននិយាយថា ការចាក់សោបិទទ្វារ និងវិធានការគម្លាតសង្គមចាំបាច់នៅតែមាននៅទូទាំងតំបន់ដើម្បីការពារ ការ​ឆ្លងរាតត្បាត ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចជាលទ្ធផលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ទៀត។

លោកបានអំពាវនាវឱ្យសមាជិកទាំងអស់ផ្លាស់ប្តូរយោបល់គ្នា ពិនិត្យមើលការឆ្លើយតបរបស់ពួកគេចំពោះវិបតិ្តនេះ នឹងបង្កើតវិធី​សាស្រ្តសម្របសម្រួលដែលអាចធ្វើទៅបានក្នុងការប្រមូល និងចែករំលែកព័ត៌មានស្តីពីគោលនយោបាយ និងវិធានការទាក់ទងនឹងជំងឺ​កូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ចរបស់វា។

ប្រទេសម៉ាឡេស៊ីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ APEC គឺជាវេទិកាសេដ្ឋកិច្ចក្នុងតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដើម្បីជំរុញការពឹងពាក់គ្នាទៅវិញទៅមក ដែលកំពុងកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន ២១ប្រទេស៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)