រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញឱ្យក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក ដែលទទួលបានដី​សម្បទាន​សេដ្ឋកិច្ច ត្រូវអនុវត្តន៍តាមផែនការ ដើម្បីអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញ​ដល់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក ដែលទទួលបានការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច មាន​​ទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការដាំដុះដំណាំឧស្សាហកម្ម ត្រូវ​អនុវត្ដន៍តាមផែនការសកម្មភាពដែលបានឯកភាពគ្នាជាមួយក្រសួង ដើម្បីចៀសវាងបញ្ហា​ក្នុងការធ្វើឱ្យគម្រោងវិនិយោគមានភាពយឺតយ៉ាវ។

ការលើកឡើងរបស់​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និង​សហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍន​ភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌល គិរី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម វេង សាខុន បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់​អនុវត្តន៍​ផែនការសកម្មភាពដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមាន​ប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រុមហ៊ុន​ត្រូវចូលរួមសហការឱ្យបាន​ល្អ​ប្រសើរជាមួយអគ្គលេខាធិការដ្ឋានដើម្បីបំពេញបែបបទ​ស្នើ​សុំ​អនុវត្តន៍ផែនការសកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀស​វាងឱ្យខានតែបាននូវរាល់សកម្មភាពណាដែលខុសច្បាប់។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ចបានបង្ហាញ ​ថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិ​បាល ចំនួន ៩,០៦៨ ហិកតា នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។

បើតាម​លទ្ធផល​នៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង​អភិវឌ្ឍន៍ អគ្គលេខាធិការដ្ឋានយល់ឃើញថាក្រុមហ៊ុននៅមានការយឺតយ៉ាវលើការអនុវត្ត​ផែនការ សកម្មភាពដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខ​ដំណាំ ដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី និងការសម្អាតដីធ្លី ដែល​ទាម​ទារ​ឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើ​ឯកសារ បច្ចេក​ទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែល ចេញដោយ​ក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង ជាពិសេសធ្វើ​ឱ្យដំណើរការនៃគម្រោងវិនិយោគមានភាពយឺតយ៉ាវ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក បង្ហាញការរីករាយ​ទទួលយកអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅអនុវត្តន៍ ហើយបានសន្យាថា​នឹងចូលរួម​សហការអនុវត្តន៍ឱ្យបានពេញលេញលើឯកសារ គតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោង​វិនិយោគ​នេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕ ដោយ៖ រិទ្ធី