អភិបាលខេត្តកំពង់ធំលើកទឹកចិត្តដល់វិស័យឯកជនឲ្យជួយវិនិយោគរោងចក្រកែច្នៃជ័រកៅស៊ូទៅជា ផលិតផលសម្រេច

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០៖

អភិបាលខេត្តកំពង់ធំលើកទឹកចិត្តដល់វិស័យឯកជនឲ្យជួយនិយោគរោងចក្រកែច្នៃជ័រកៅស៊ូទៅជាផលិតផលសម្រេចនៅក្នុងខេត្តនេះដើម្បីជួយបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកនៅក្រៅប្រទេស។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ដំណាំកៅស៊ូក្នុងខេត្តកំពង់ធំបានឈាដល់លំដាប់ទី១ក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដុះដំណាំកៅស៊ូប្រមាណជាង៧ម៉ឺនហិកតា ដែលកំពុងទាញយកផល និងមានរោងចក្រកែច្នៃផលិតផលជ័រកៅស៊ូចំនួន៥ ដែលកំពុងដំណើរការ និងរោងចក្រចំនួន៣ ទៀតកំពុងសិក្សានិងសាងសងបណ្តើរៗ។
ឯកឧត្តមបន្តថាបច្ចុប្បន្ននេះខេត្តកំពង់ធំថ្វីត្បិតតែមានរោងចក្រកែច្នៃផលិតផលកៅស៊ូពិតមែន ប៉ុន្តែពុំទាន់មានរោងចក្រកែច្នៃផលិតផលសម្រេចដូចជា សំបកកង់ឡានដែលយើងត្រូវប្រើប្រាស់ក្នុងស្រុក ឫ នាំចេញនៅឡើយ។ ឯកឧត្តមបានអំពាវនាវដល់បណ្តាក្រុមហ៊ុនទាំង ដែលធ្វើការកែច្នៃលើផលិតផលសម្រេច ជួយមកបណ្តាក់ទុនក្នុងខេត្តកំពង់ធំ ពីព្រោះថា នៅក្នុងខេត្តកំពង់ធំនេះ សំបូរទៅដោយវត្ថុធាតុដើមជាច្រើន និង កម្លាំងពលកម្ម។
«ខេត្តកំពង់ធំ សព្វថ្ងៃនេះកៅស៊ូ គឺច្រើនមែនទែន បើមានរោងចក្រកែច្នៃផលិតផលសម្រេច ដូចជាសំបកកង់ឡានដែលយើងត្រូវប្រើប្រាស់ក្នុងស្រុក ឫ នាំចេញប្រាកដណាស់ មិនខ្វះវត្ថុធាតុដើមទេ នៅក្នុងខេត្តកំពង់ធំនេះ»។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិបានចំនួនច្រើនម៉ឺនតោនក្នុងមួយ ឆ្នាំៗ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិលើសកលលោក រីឯផ្ទៃដីដាំដុះកៅស៊ូបានកើនឡើងជាលំដាប់ ។