ទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

ទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាល នៃព្រះរាជាណា ចក្រកម្ពុជាខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា ធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា ក្នុងជំនួបសវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម  Ermenegildo “Kupa” Lopes ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយ​ពេល​វេលា​ដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូល ជួបសម្តែងការ​គួរ​សមនាពេលនេះ និងសូមអរគុណសម្តេចប្រធានព្រឹទ្ធសភា ដែលអនុញ្ញា​ត​ឱ្យឯកឧត្តមបានចូលជូនសារតាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅនេះ។

ឯ​ក​​​ឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ ចំ​ពោះថ្នាក់ដឹកនាំគ្រប់លំដាប់នៃព្រះរាជាណាចក្រ កម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្ថានទូតទីម័រឡេស្តេ និងនិស្សិតទីម័រឡេស្តេ ដែ​ល​កំពុងសិក្សានៅប្រទេសកម្ពុជាបានទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរ។

ឯកឧត្តមឯក​អគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកម្ពុជា ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេជាសមាជិករបស់អាស៊ាន សមា​ជិកអង្គការពាណិជ្ជ កម្មពិភពលោក WTO និងសមាជិកអន្តរសភាអាស៊ាន AIPA។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ប្រទេសទីម័រឡេស្តេ តែងតែគាំទ្រដល់ជំហររបស់ប្រទេសជាសមាជិកអាស៊ាន ទាំងអស់ ជាពិសេសតែងគាំទ្រដល់ជំហាររបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកអាស៊ាន ហើយ នេះគឺជានយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសទីម័រឡេស្តេ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តមនៅ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងសភានៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញតិ្ត នៃប្រទេស ទាំងពីរ ព្រមទាំងសហប្រតិបត្តិការបច្ចេកទេស។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូន សម្តេចប្រធាន ព្រឹទ្ធ​ស​ភា​​ជ្រាបថា អគ្គស្នងការនគរបាល ទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអគ្គស្នងការនគរបាលនៃព្រះរាជាណា ចក្រកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកជូនសារតាំងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានប្រធា នាធិបតីនៃសាធារណរដ្ឋទីម័រឡេស្តេតែង​តាំង​​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្តប្រចាំកម្ពុជា។

សម្តេចមានជំនឿជឿ​ជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជានេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ​បត្តិរវាងប្រទេសទាំងពីរនឹងកាន់តែមានការរីកចម្រើនរឹងមាំថែមទៀត ជាគុណ ប្រយោជន៍សម្រាប់ប្រ​ជា​ជន និងប្រទេសទាំងពីរ។

សម្តេចបានរម្លឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជា ធិបតេយ្យទីម័រឡេស្តេ ដែលត្រូវបានភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបើកនិវេសនដ្ឋានដំបូងនៅកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជំនាញតាមស្ថាប័ននានាទៅវិញទៅមក ជាបន្តបន្ទាប់ ក៏ដូចជាតាមរយៈនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេស ក្នុងសមាគមអាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចព្រម ព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងការងារផងដែរ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែង អំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដោយចាត់ទុកថា នេះគឺជាការលើកទឹកចិត្តយ៉ាង ក្លៀវក្លាដល់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលកាលពីពេលថ្មីៗនេះបានផ្តល់អំណោយជាម៉ាស់ និងទឹកលាងដៃដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធ​សភា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ ចំពោះគោលបំណង ដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការនគរបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ និងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបសវនាការរវាងឯកឧត្តម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសវនា ការជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់កម្ពុជានាពេលកន្លងទៅ។ សម្តេចប្រធានព្រឹទ្ធសភាបាន ថ្លែងអំណរ គុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលមានបំណងចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងព្រឹទ្ធស​ភាកម្ពុជា និងសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ ក្នុងនាម ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និង ប្រទេសទាំងពីរ៕

ដោយ ប៉ាល់ សុង