ការអនុវត្តសាលដីការបស់តុលាការកំពូលដែលធ្វើឡើងដោយអាជ្ញាសាលាខេត្តព្រះសីហនុ គឺត្រឹមត្រូវតាមនីតិវិធីផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ការអនុវត្តសាលដីការបស់តុលាការកំពូលដែលធ្វើឡើងដោយ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺជាការអនុវត្តដ៏ត្រឹមត្រូវនូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលរឿងក្តីនេះម្ចាស់បំណុលនៃការអនុវត្តបានឈ្នះគ្រប់សាលាជំនុំជម្រះក្តី ហើយដែលបានអូសបន្លាយពេលវេលាជាច្រើនឆ្នាំ។

រឿងក្តីនេះកើតឡើងដោយសារតែសហកូនបំណុលនៃការអនុវត្ត(អ្នកចាញ់ក្តី) បានកែនប្រមូលគ្នាមកនៅលើដីដែលជាកម្មសិទ្ធិរបស់ម្ចាស់បំណុលនៃការអនុវត្ត( ម្ចាស់ដីឬ អ្នកឈ្នះក្តី) នេះជាហេតុធ្វើអោយម្ចាស់ដីមិនអាចប្រកបមុរបរ រកស៊ីអ្វីបានទាំងអស់ ដែលធ្វើអោយម្ចាស់ដីមានការខាងបង់យ៉ាងធ្ងន់ធ្ងរ ។
មុនឈានដល់ការអនុវត្តដោយបង្ខំនេះ ម្ចាស់ដីបានព្យាយាមចរចារ និងសម្របសម្រួលជាមួយសហកូនបំណុលនៃការអនុវត្តជាច្រើនលើកច្រើនដង ច្រើនឆ្នាំ នៅទីតាំងផ្ទាល់ផង នៅថ្នាក់ក្រុងផង ថ្នាក់ខេត្តផង ទោះម្ចាស់ដី មានទឹកចិត្តសម្បទានអោយជាសោហ៊ុយ ឬដោះដូរជាដី ក៏សហកូនបំណុលនៃការអនុវត្ត(អ្នកចាញ់ក្តី) នៅតែមិនព្រមដែរ។ រហូតដល់ការចរចារចុងក្រោយបំផុតដែលធ្វើឡើងនៅថ្នាក់ខេត្ត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកិច្ចសម្របសម្រួលរបស់លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ដែលមានសមាសភាពចូលរួម ដូចជាមន្ត្រី សាលាខេត្តព្រះសីហនុ អាជ្ញាសាលា កងរាជអាវុធហត្ថ ស្នងការ និងអាជ្ញាធរមូលដ្ឋានចំណុះសាលាខេត្ត ភាគីម្ចាស់ដី សហកូនបំណុលនៃការអនុវត្ត(អ្នកចាញ់ក្តី) និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរកដំណោះស្រាយ ក៏សហកូនបំណុលនៃការអនុវត្ត(អ្នកចាញ់ក្តី)នៅតែមិនព្រម ទោះបីលោកអភិបាលខេត្តព្រះសីហនុ បានសន្យាថានឹងជួយនិយាយជាមួយម្ចាស់ដី ដើម្បីផ្តល់ប្រាក់ទៅពួកគាត់មួយចំនួន ជាថ្នូរនឹងការចាកចេញក៏ដោយស្ម័គ្រចិត្ត។ សហកូនបំណុលនៃការអនុវត្តទាមទារយកតម្លៃទីផ្សារគឺដី១ម៉ែត្រការ៉េ ទារពីម្ចាស់ដីក្នុងតម្លៃ ១៥០០$ដុល្លារអាមេរិច ឬ ៥ ០០០ ០០០ $ (៥លានដុល្លារអាមេរិច) ជាថ្នូរនឹងការចាកចេញពីដីរបស់ម្ចាស់បំណុលនៃការអនុវត្ត( ម្ចាស់ដីឬ អ្នកឈ្នះក្តី) ដែលម្ចាស់បំណុលនៃការអនុវត្តមិនអាចទទួលយកបាន ព្រោះសហកូនបំណុលនៃការអនុវត្តចូលមករំលោភយកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ម្ចាស់ដីនៅតែមានទឹកចិត្តផ្តល់ជាសោហ៊ុយ ឬដោះដូរដីអោយពួកគាត់យ៉ាងសមរម្យ បំផុត ក្នុងនាមជាខ្មែរដូចគ្នា ទោះបីជាស្ថិតក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំកំពុងតែដំណើរការដ៏ដោយ។ បន្ថែមពីនេះទៀត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានព្យាយាមសម្របសម្រួលអោយពួកគាត់រុះរើ និងចាកចេញដោយស្ម័គ្រចិត្ត ហើយម្ចាស់ដីនឹងអោយជាសោហ៊ុយ ឬដោះដូរដីអោយពួកគាត់ តែពួកគាត់នៅតែមិនព្រមឡើយ រហូតចុងក្រោយបំផុត តុលាការអនុវត្តក៏បានចូលមកជួយសម្របសម្រួលជាមួយសហកូនបំណុលនៃការអនុវត្ត(អ្នកចាញ់ក្តី) អោយរុះរើ និងចាកចេញដោយស្ម័គ្រចិត្ត ប៉ុន្តែពួកគាត់នៅតែមិនព្រមដដែល ។
អាស្រ័យហេតុដូចបានរៀបរាប់ដោយសង្ខេបខាងលើនេះ សបញ្ជាក់ថាសហកូនបំណុលនៃការអនុវត្តពុំមានចេតនាសុចរិតណាមួយក្នុងការប្រគល់ និងចាកចេញពីដីរបស់ម្ចាស់បំណុលនៃការអនុវត្តឡើយ។ ដូច្នេះហើយទើបឈានដល់ការអនុវត្តដោយបង្ខំ តាមសេចក្តីសម្រេចសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

សូមអានឯកសារពាក់ព័ន្ធខាងក្រោមនេះ