ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានហ្មត់ចត់

វិទ្យុជាតិកម្ពុជា ៖ ស្រីផល 28.05.2020

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវ ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានហ្មត់ចត់បំផុត ដើម្បីធានារក្សាបាននូវសុខភាពល្អ និងសេចក្តីសុខសាន្តក្នុងការរស់នៅរបស់ប្រជាជនទាំងអស់គ្នា ។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ដើម្បីរួមចំណែកគាំទ្រខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់ ។ជាពិសេសកុមារមានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់ ។ ខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ឲ្យកុមារគ្រប់រូបនៅគ្រប់កន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ឲ្យទទួលបានសេវាអប់រំអនាម័យ និងទឹកស្អាតស្មើៗគ្នា នៅក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។
ប្រភពបានបន្តថា រាល់វិធានការដែលបានដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្ការជំងឺកូវីដ-១៩នេះ ត្រូវគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារគ្រប់រូបជាចម្បង ជាពិសេសកុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅកន្លែងឃុំឃាំង ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តនិងកាយរបស់កុមារ ដែលទទួលរងប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលនៃជំងឺ covid-19 ។ ត្រូវអនុញ្ញាតឲ្យកុមារចូលរួមក្នុងសេចក្តីសម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់ដល់កុមារ ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវឱ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរឬមនុស្សពេញវ័យ អំពីការរំលោភបំពានតាមគ្រប់រូបភាព ។ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាននិងចលនាសាធារណៈ ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ ។
គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សានិងពលកម្មកុមារគ្រប់រូបភាព ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធី សម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ ៕