ឯកអគ្គរដ្ឋទូតទីម័រឡេស្តេវាយតម្លៃខ្ពស់ចំ​ពោះកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម អើមែនជីលឌូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំ​ពោះថ្នាក់ដឹកនាំគ្រប់លំដាប់នៃប្រទេសកម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមន្ត្រីស្ថានទូត និងនិស្សិតទីម័រឡេស្តេ ដែលកំពុងសិក្សានៅប្រទេសកម្ពុជាទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរដោយមិនមានប្រជាជនណាម្នាក់បានស្លាប់ដោយសាតែជំងឺនេះឡើយ។

ការវាយតម្លៃបែបនេះ ក្នុងឱកាសដែលឯកឧត្តមត្រូវបានសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាអនុញាត្តឱ្យចូលជួបសវនាការនៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៨ ខែឧសភានេះនៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តីសាយឈុំបានចាត់ទុកថា នេះគឺជាការលើកទឹកចិត្តយ៉ាងក្លៀវក្លាដល់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការបន្តរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ-១៩នេះថែមទៀត។

ក្រសួងសុខាភិបាលបានប្រកាសថា រហូតមកដល់ថ្ងៃទី២៨ខែឧសភានេះកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ចំនួន១២៤ករណី ក្នុងនោះជាសះស្បើយចំនួន១២២ករណីវិញ ដោយនៅសល់ពីនាក់ទៀតក្រុមគ្រូពេទ្យកម្ពុជាកំពុងបន្តការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត៕