សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាគាំទ្រទីម័រឡេស្តេដែលចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភាបានគាំទ្រទូតទីម័រឡេស្តេដែលមានឆន្ទៈខ្ពស់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសទទួលបានទទួលជួបសវនាការជាមួយនឹងឯកឧត្តមអើមែនជីលឌូគូប៉ាឡូប៉េស ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំនៅកម្ពុជានៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៨ ខែឧសភានេះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះឯកអគ្គរ​ដ្ឋទូតថ្មី​ប្រទេសទីម័រឡេស្តេតែង​តាំង​​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា​​ធិបតេយ្យទីម័រឡេសេ្តប្រចាំម្ពុជា។  សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំបប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាពទ្វេភាគីឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះគោលបំណងដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការនគរបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនិងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជាដែលចង់ពង្រឹងការងារបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស និងត្រៀមខ្លួន​ជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃនៃប្រទេសទីម័រឡេស្តេប្រចាំកម្ពុជាដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងអណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានេះឯកឧត្តមនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរព្រមទាំងសហប្រតិបត្តិការបច្ចេកទេស។

សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសទីម័រឡេស្តេត្រូវបានភ្ជាប់ទំនាក់ទំនងចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយប្រទេសទីម័រឡេស្តេ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជំនាញតាមស្ថាប័ននានាទៅវិញទៅមក ជាបន្តបន្ទាប់ ក៏ដូចជាតាមរយៈនៃការគាំទ្រគ្នាទៅទៅវិញទៅមកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងសមាគមអាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងការងារផងដែរ៕