យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង ៣នាក់រងរបួស នៅក្នុងការបាញ់ប្រហារមួយ​នៅប្រទេសអារ៉ាប៊ូសាអូឌីតភាគនិរតី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ដោយបានដកស្រង់សម្តី​របស់អ្នកនាំពាក្យនគរបាលក្នុងខេត្ត Asir  ថា យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុ​ការណ៍បាញ់ប្រហារមួយដែលបានកើតឡើងនៅក្នុងខេត្ត Asir ភាគនិរតីនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។

អ្នកនាំពាក្យនគរបាល លោកវរសេនីយ៍ទោ Zaid Mohammed al-Dabbash បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅ​ក្នុងស្រុក Umwah របស់ខេត្ត Asir កាលពីព្រឹកថ្ងៃអង្គារ ដោយលោកបាននិយាយបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុង​ស្រុកដើម្បីទទួលការព្យាបាល។

យោងតាមមន្រ្តីរូបនេះបានឱ្យដឹងថា​ នីតិវិធីចាំបាច់កំពុងត្រូវបានបញ្ចប់ដើម្បីផ្ទេរសំណុំរឿងទៅការិយាល័យរដ្ឋអាជ្ញា។

វីដេអូនៃការបាញ់ប្រហារដែលមិនអាចបញ្ជាក់បានភ្លាមៗ បានលេចចេញនៅលើបណ្តាញសង្គម Twitter ដែលត្រូវបានថតពី​ចម្ងាយដែលបានចាប់យកសកម្មភាពនៃការប៉ះទង្គិចគ្នារវាងមនុស្សជាច្រើននៅឯកន្លែងមួយ ដែលមើលទៅដូចជាកន្លែងចំណតរថយន្ត។ ស្នូរកាំភ្លើងជាច្រើនជុំត្រូវបានគេឮ ប៉ុន្តែអ្នកបាញ់ប្រហារ ឬជនរងគ្រោះមិនអាចមើលឃើញច្បាស់នៅក្នុងវីដេអូនោះទេ។

អ្នកឃ្លាំមើលតំបន់មជ្ឈិមបូព៌ាបានរាយការណ៍ដោយដកស្រង់ប្រភពក្នុងស្រុកថា ឧប្បត្តិហេតុនេះអាចត្រូវបានបង្កឡើងដោយ​ជម្លោះរវាងគ្រួសារពីរ។ រហូតមកដល់ពេលនេះ នគរបាលបានបដិសេធមិនធ្វើ អត្ថាធិប្បាយដែលថា ការបាញ់ប្រហារនោះទាក់ទងនឹង​ភេរវកម្មដែរ ឬអត់នោះទេ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)