ការប្រើប្រាស់ប្រេងនៅសកលលោកនឹងធ្លាក់ចុះត្រឹមតម្លៃ ១ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត

AKP ភ្នំពេញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ទីភ្នាក់ងារថាមពលអន្តរជាតិ ( IEA ) បានសរសេរនៅក្នុងរបាយការណ៍ ស្តីពីការវិនិយោគថាមពល របស់ខ្លួនថា ការចំណាយប្រេងរបស់អ្នកប្រើប្រាស់នឹងធ្លាក់ចុះមកនៅត្រឹមតម្លៃ ១ទ្រីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០ ដែលជាលទ្ធផលនៃវិធានការណ៍ដាក់ឱ្យនៅដាច់ដោយឡែកទាក់ទងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក។

បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកនៅនឹងមួយកន្លែងក្នុងរយៈពេលប៉ុន្មានខែ ដោយទីភ្នាក់ងារ​នេះបានរំពឹងទុកថា ការវិនិយោគសកលលោកនឹងធ្លាក់ចុះ ២០ភាគរយ ឬជិត ៤០០ប៊ីលានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន។ មុនពេលមានការផ្ទុះឡើងនៃជំងឺនេះ អ្នកជំនាញរបស់ខ្លួនបានព្យាករណ៍ថា ការវិនិយោគថាមពលនឹងកើនឡើង ២ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលអាចក្លាយជាកំណើនវិនិយោគធំបំផុតចាប់តាំងពីមានវិបត្តិឆ្នាំ ២០១៤ មក។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា «ការរួមបញ្ចូលគ្នានៃការធ្លាក់ចុះតម្រូវការ តម្លៃទាប និងការកើនឡើងក្នុងករណីដែល​មិនមានការទូទាត់វិក័យប័ត្រ មានន័យថា ប្រាក់ចំណូលថាមពលទៅរដ្ឋាភិបាល និងឧស្សាហកម្មត្រូវបានកំណត់ធ្លាក់ចុះជាង ១ទ្រីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០»។

ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៣២ភាគរយ ឬប្រមាណជិត ២៥០ប៊ីលានដុល្លារអាម៉េរិក​ចំណែកឯការវិនិយោគក្នុងវិស័យឧស្សាហកម្មធ្យូងថ្មវិញ មានចំនួន ១៥ភាគរយ ឬប្រមាណជិត ២០ប៊ីលានដុល្លារអាម៉េរិក។ ជារួម ថាមពលសកលលោកនឹងខ្វះ ២០ភាគរយនៃការវិនិយោគ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយពួកគេនឹងធ្លាក់ចុះដល់តម្លៃ ១,៥ទ្រីលាន​ដុល្លារអាម៉េរិក៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)