សមាជិកសភាសហរដ្ឋអាមេរិកណែនាំច្បាប់ដើម្បីការពារ ការដកខ្លួនជាឯកតោភាគីពីសន្ធិសញ្ញាការពារជាតិកូរ៉េខាងត្បូង

AKPភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — សមាជិកសភាសហរដ្ឋអាមេរិកចំនួន ២រូប បានណែនាំច្បាប់មួយដែលមានគោលបំណងរារាំង ប្រធានាធិបតីសហរដ្ឋអាមេរិកពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ រួមទាំងសន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ Markey បានឱ្យដឹងថា ព្រឹទ្ធសមាជិកសភា លោក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ស្តីពី ការការពារ​សកម្មភាព​ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខដោយគ្មានការ​យល់ព្រម (PAUSE) កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនាដក​ខ្លួនចេញពីសន្ធិសញ្ញាស្តីពី ការបើកចំហមេឃ ។

សមាជិកមួយរូបនៃគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបាននិយាយថា «ការដកខ្លួនដោយមិនប្រុងប្រយ័ត្នរបស់​លោកប្រធានាធិបតី ត្រាំ ពីសន្ធិសញ្ញាបើកការចំហមេឃ នឹងមានឥទ្ធិពលយូរអង្វែងទៅ​លើសមត្ថភាពរបស់យើងក្នុងការតាមដាន​សកម្មភាពយោធារបស់រុស្ស៊ី ដែលអាចគំរាមកំហែងដល់ផលប្រយោជន៍សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។

លោក Panetta បាននិយាយបន្ថែមថា ការសម្រេចរបស់លោក Trump គឺផ្ទុយទាំងស្រុងចំពោះផលប្រយោជន៍សន្តិសុខជាតិ​របស់សហរដ្ឋអាមេរិក ហើយបង្ហាញនូវ «ភាពនៅតែមិនយកចិត្តទុកដាក់ចំពោះ សម្ព័ន្ធភាព និងកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធរបស់​យើង»។

ច្បាប់ PAUSE តម្រូវឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិ ដើម្បីបញ្ជាក់ដល់សភានូវយុត្តិកម្មសម្រាប់ការដកខ្លួនចេញពី ឬបញ្ចប់សន្ធិសញ្ញាអន្តរជាតិក្នុងរយៈពេល ១៨០ថ្ងៃមុនពេលចាប់ផ្តើម។

វាក៏តម្រូវឱ្យមានការបញ្ជាក់ថា ទាំងព្រឹទ្ធសភា និងរដ្ឋសភាយល់ព្រមទៅលើការផ្លាស់ប្តូរនេះដោយអនុម័តនូវដំណោះស្រាយរួម។

នៅក្នុងសន្និសីទសារព័ត៌មានមួយបានបញ្ជាក់ថា «លោកប្រធានាធិបតី ត្រាំ បានបង្ហាញថា លោកអាចចាត់វិធានការស្រដៀង​គ្នាដូចដែលលោកបានធ្វើនៅថ្ងៃនេះជាមួយសន្ធិ​សញ្ញា ការបើកចំហមេឃ, ការដក ឬបញ្ឈប់ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុង​សន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ), សន្ធិសញ្ញា​ការពារជាតិទៅវិញទៅមកនៅឆ្នាំ ១៩៥៣ ជាមួយកូរ៉េខាងត្បូង, សន្ធិសញ្ញាកាត់​បន្ថយអាវុធយុទ្ធសាស្ត្រថ្មីជាមួយរុស្ស៊ី (NEW START) និងសន្ធិសញ្ញាផ្សេងៗទៀតដែលព្រឹទ្ធសភាបានផ្តល់សច្ចាប័ន»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)