ប្រទេសរុស្ស៊ីពន្យារពេលកិច្ចប្រជុំកំពូល SCO និង BRICS

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ សេវាកម្មសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍មួយថា កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងក្រុម BRICS ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅ​ក្នុងប្រទេសរុស្ស៊ីនៅក្នុងខែកក្កដា ខាងមុខនេះ នឹងត្រូវបានពន្យារពេលដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ដោយសារការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាវីរុស និងការរឹតត្បិតទាក់ទងទៅនឹងមេរោគ​នេះ គណៈកម្មាធិការរៀបចំដែលទទួល​ខុសត្រូវក្នុងការរៀបចំ និងទទួលបន្ទុកជាប្រធាន SCO ឆ្នាំ ២០១៩-២០២០ របស់រុស្ស៊ី និងប្រធាន BRICS ឆ្នាំ ២០២០ បានសម្រេច​ពន្យារពេលនៃកិច្ចប្រជុំកំពូល BRICS និងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋ SCO ដែលគ្រោងនឹងធ្វើឡើង​នៅ St. Petersburg នៅថ្ងៃទី ២១-២៣ ខែកក្កដា ខាងមុខនេះ»។

យោងតាមសេវាកម្មសារព័ត៌មានវិមានក្រឹមឡាំងបានឱ្យដឹងថា «កាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំកំពូលនេះនឹងត្រូវបានកំណត់​អាស្រ័យទៅលើស្ថានភាពនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសជាសមាជិក និងពិភពលោក»។

BRICS ត្រូវបានបង្កើតឡើងដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដែលមានសមាជិកដូចជា ប្រទេសចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និង អ៊ូសបេគីស្ថាន។ ប្រទេស អាហ្វហ្គានីស្ថាន បេឡារុស្ស អ៊ីរ៉ង់ និង ម៉ុងហ្គោលី គឺជាអ្នកសង្កេតការណ៍របស់ SCO ខណៈដែលប្រទេស  អាហ្សែបៃហ្សង់ អាមេនី កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួកគី គឺជាដៃគូសន្ទនា៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)