អាជ្ញាធរជាតិអប្សរា បានអះអាងថា នឹងបញ្ចប់ការងាររៀបចំបរិវេណប្រាសាទអង្គរវត្ត ឲ្យកាន់តែមានភាពស្រស់បំព្រងទាំងរដូវប្រាំងនិងរដូវវស្សា នៅចុងឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៥ ២០២០៖

អាជ្ញាធរជាតិអប្សរា បានអះអាងថា នឹងបញ្ចប់ការងាររៀបចំបរិវេណប្រាសាទអង្គរវត្ត ឲ្យកាន់តែមានភាពស្រស់បំព្រងទាំងរដូវប្រាំងនិងរដូវវស្សា នៅចុងឆ្នាំ២០២០នេះ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពស្រស់ស្អាតតាមរយៈធ្វើឱ្យបរិវេណអង្គរមានភាពបៃតង ។
លោក ឡុង កុសល អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះកិច្ចការរៀបចំបរិវេណប្រាសាទអង្គរវត្ត លិចឡើងជាផ្លែផ្កាជាបណ្តើរៗហើយ ដោយសម្រេចបាន ការដាក់ប្រព័ន្ធរំដោះទឹកភ្លៀង ការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅ ការដំាដើមឈើ ការរុះរើសសំណង់លក់ដូរនៅមុខបរិវេណប្រាសាទអង្គវត្តជាដើម ដើម្បីរក្សានៅរបៀបរៀបរយ សោភ័ណ្ឌភាព និងផាសុខភាព ។ លោកបន្តថា អាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើមដាំផ្កា ផ្សេងៗបន្ថែមទៀតផងដែរ ដើម្បីលម្អនៅរមណីយដ្ឋានអង្គរ ។
« យើងសម្រេចបានច្រើនណាស់កិច្ចការងារកែលម្អ បរិស្ថាននៅជុំវិញ បរិវេណប្រាសាទអង្គរវត្តហ្នឹងណា គឹយើងសម្រេចបានច្រើនណាស់កិច្ចការងារកំពុងតែដំណើរការទៅមុខហើយព្រោះកិច្ចការងារហ្នឹងត្រូវជំរុញឲ្យបានរួចរាល់ យ៉ាងយូរបំផុតចុងឆ្នាំ២០២០ហ្នឹងបាទ ។ ការងារដែលយើងដាក់ គេហៅថាប្រព័ន្ធរំដោះទឹកភ្លៀងគឺបានរៀបចំរួចរាល់ហើយ ដាំដើមឈើរួចរាល់ហើយ ឥលូវនេះយើងកំពុងតែបន្ថែមទៀត ដាំដើមផ្កា ឥលូវយើងមានដាំដើមផ្កាចំប៉ី យើងមានដាំដើមផ្កាក្ងោក កិច្ចការងារដែលយើងបានធ្វើបានច្រើនភាគរយហើយ »។
លោកឡុង កុសល ឲ្យដឹងទៀតថា ឥលូវនេះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការរុះរើសតូបលក់បាយ តូបលក់វត្ថុអនុស្សាវរីយ៍ ជាដើម ដើម្បីលុបបំបាត់សកម្មភាពលក់ដូររញ៉េរញ៉ៃទាំងនេះ នៅជុំវិញនិងមុខប្រាសាទអង្គរ ដោយជំនួសមកវិញនៅការដាំកូនឈើនិងដាំដើមផ្កាផ្សេងៗ ឲ្យមានសភាពបៃតងនិងសោភ័ណ្ឌភាពគ្រប់ពេលវេលា ។
លោកបញ្ជាក់ថា ការកែលម្អនេះគឺ មិន ប៉ះពាល់ដល់បុរាណដ្ឋានឡើយ ព្រោះមានការពិនិត្យនិងសិក្សាច្បាស់លាស់ពីអ្នកជំនាញបុរាណវិទ្យាមុនអនុវត្តការងារ។
លោកអំពាវនាវ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ដែលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រាសាទអង្គរ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឲ្យរមណីយដ្ឋានមួយនេះ មានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ផងដែរ ៕