សហរដ្ឋអាមេរិកបានជូនដំណឹងដល់ឥណ្ឌាថា ចិនត្រៀមខ្លួនដើម្បីសម្រុះសម្រួលបញ្ហា «ជម្លោះព្រំដែន» របស់ពួកគេ 

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — ជម្លោះព្រំដែនរវាងឥណ្ឌា និងចិន កាន់តែមានភាពខ្លាំងឡើងៗនៅដើមខែនេះ បន្ទាប់ពីប្រទេស​ជិតខាងទាំងពីរបានខ្វែងគំនិតគ្នាទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយបន្ទាត់ព្រំដែននៃការគ្រប់គ្រងជាក់ស្តែង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ដើម្បីជូនដំណឹងដល់ប្រទេស​ឥណ្ឌា និងចិន អំពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចសម្រុះសម្រួលជម្លោះព្រំដែនរបស់ពួកគេ។

បញ្ហានេះកើតឡើងចំពេលមានការប្រឈមមុខគ្នារវាងឥណ្ឌា និងចិន កាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុង​ក្រោយនេះ បន្ទាប់ពីទីក្រុងញូវដែលី បានចាប់ផ្តើមសាងសង់ផ្លូវសំខាន់មួយនៅតាមបណ្តោយបន្ទាត់ព្រំដែននៃការត្រួតពិនិត្យជាក់ស្តែង ( LAC ) នៅក្នុងតំបន់ Ladakh។ ប្រទេសចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថា បានឆ្លងចូលទឹកដីរបស់ខ្លួន និង «ប៉ុនប៉ងផ្លាស់ប្តូរស្ថាន ភាពជាឯកតោភាគី» នៃ LAC នៅក្នុងតំបន់ Sikkim និង Ladakh។

ប្រទេសទាំងពីរបានពង្រឹងកងទ័ពនៅតាមបណ្តោយព្រំដែន ចំពេលដែលមានការប្រឈមមុខដាក់គ្នា។

ប្រទេសឥណ្ឌា និងចិន មានព្រំប្រទល់ជាប់គ្នាពីតំបន់ Arunachal Pradesh នៅភាគឦសាន ទៅដល់តំបន់ Sikkim នៅភាគ​កណ្តាល និងតំបន់ Ladakh នៅភាគខាងជើង។ ផ្នែកមួយនៃព្រំដែននៅតំបន់ Pangon Tso ឆ្លងកាត់ដែនទឹក ហើយប្រទេសឥណ្ឌា​គ្រប់គ្រងបឹងដែលមានប្រវែង ៤៥គីឡូម៉ែត្រនៅភាគខាងលិច         ខណៈដែលនៅសេសសល់ត្រូវបានគ្រប់គ្រងដោយប្រទេសចិន។ ភាគច្រើន​នៃការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរ កើតឡើងនៅក្បែរផ្នែកជម្លោះនៃបឹង។

កាលពីថ្ងៃពុធ មេបញ្ជាការកងទ័ពកំពូលរបស់ឥណ្ឌាបានជួបប្រជុំគ្នារយៈពេល ៣ថ្ងៃ នៅទីក្រុង ញូវដែលី ដើម្បីពិភាក្សាអំពី​ស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ននៅតាមបណ្តោយព្រំដែនជាមួយចិន និងប៉ាគីស្ថាន៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)