រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 28.05.2020៖

រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២០ ដើម្បីបង្ហាញអំពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារនិងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនានិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។
ប្រភពបានបន្តទៀតថា ទោះបីឆ្នាំនេះប្រទេសកម្ពុជានិងពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-19យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឲ្យមានការរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង ។
សូមបញ្ជាក់ថា ការគាំពារនិងអភិវឌ្ឍន៍កុមារ គឺត្រូវមានកិច្ចសហការនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ ក្នុងការចិញ្ចឹមបីបាច់ ថែទាំ ផ្ដល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ ថែទាំសុខភាព អនាម័យ និងជំរុញការអប់រំរៀនសូត្រ ក្នុងគោលបំណងការពារនិងលើកកម្ពស់ការអភិវឌ្ឍ សុខភាព រាងកាយ អារម្មណ៍ផ្លូវចិត្ត សីលធម៌ វប្បធម៌ បញ្ញាស្មារតី និងការគិតរបស់កុមារ ៕