ប្រទេសសិង្ហបុរីប្រកាសអំពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចលើកទី ៤ ប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swa Keat បានប្រកាស​នូវថវិកាបន្ថែមចំនួន ៣៣ប៊ីលានដុល្លារសិង្ហបុរី (២៣,២ប៊ីលានដុល្លារអាម៉េរិក) ក្នុងគោលបំណងជួយដល់កម្មករ និងធុរកិច្ច ជុំវិញវិបត្តិ​ជំងឺកូវីដ-១៩ និងទស្សនវិស័យសេដ្ឋកិច្ចនៅពេលខាងមុខ។

លោក Keat បាននិយាយថា ថវិកាបន្ថែមលើកទីបួននេះមានជារយៈពេលតិចជាង ៤ខែ ដោយក្នុងនោះថវិកាចំនួន ២,៩ប៊ីលាន​ដុល្លារ​សិង្ហបុរី សម្រាប់បន្ថែមទៅលើកិច្ចការពារ ដែលរួមមានការកែលម្អផែនការគាំទ្រការងារដែលបានចំណាយប្រាក់ខែ ដើម្បីជួយដល់​សហគ្រាសក្នុងការរក្សាទុកកម្មករនិយោជិត។

កញ្ចប់ថវិកានេះក៏បានផ្តល់ផងដែរនូវថវិកាចំនួន ៣,៨ប៊ីលានដុល្លារសិង្ហបុរី ដែលបានឆ្ពោះទៅរកវិធានការណ៍ដែលបានប្រកាស​កាលពីថ្ងៃទី២១ ខែមេសា ដើម្បីជួយប្រជាជនសិង្ហបុរីក្នុងរយៈពេល ៤សប្តាហ៍បន្ថែម ដើម្បីគ្រប់គ្រងការរីករាលដាល នៃមេរោគឆ្លងតាម​រយៈការកម្រិតការធ្វើដំណើររបស់ប្រជាជន។

រដ្ឋាភិបាលក៏នឹងបង្កើនសេវាកម្មសាធារណៈ និងជ្រើសរើសបុគ្គលិកបន្ថែមទៀត ដើម្បីបំពេញតម្រូវការរយៈពេលវែងសម្រាប់ការ​អប់រំមត្តេយ្យសិក្សា និងការថែទាំសុខភាព។

ក្នុងចំណោមកញ្ចប់ជំរុញសេដ្ឋកិច្ចសរុបទាំង ៤ លើកនេះ រដ្ឋាភិបាលសិង្ហបុរីបានត្រៀមថវិកាចំនួន ៩២,៩ប៊ីលានដុល្លារសិង្ហបុរី ឬ ១៩,២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)