ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមដំណើរការសកម្មភាព ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី២៧​ ខែឧសភា រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃប្រទេសឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំសម្រាប់សេណារីយ៉ូ «ភាពធម្មតាថ្មី» សម្រាប់វិស័យ​មួយចំនួនដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូន ក្នុងបរិបទនៃការឆ្លងជំងឺ កូវីដ-១៩ នៅតែមានបន្ត។

សកម្មភាពអាជីវកម្មក្នុងវិស័យទេសចរណ៍នឹងមានការផ្លាស់ប្តូរជាច្រើន ដូចជាចំនួនភ្ញៀវ និងម៉ោងបើកឱ្យចូលទស្សនា។

ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ឥណ្ឌូណេស៊ីនឹងមានបទប្បញ្ញត្តិលម្អិតស្តីពីសកម្មភាពទីផ្សារបែបប្រពៃណី ជាពិសេសអ្នកដែល​រងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតមួយនេះ។

យោងតាមលោក Airlangga បានឱ្យដឹងថា ប្រទេសនេះក៏កំពុងរៀបចំសេណារីយ៉ូ សម្រាប់វិស័យឧស្សាហកម្ម ដូចជាការជីករ៉ែ ផលិតកម្មដំណាំ និងកសិកម្ម ដើម្បីដំណើរការឡើងវិញ។

តំបន់ខ្លះបានវិលត្រឡប់ទៅរកស្ថានភាព «ធម្មតាថ្មី» ដូចជាខេត្ត Aceh ខេត្ត Riau ខេត្ត Kalimantan ខាងជើង ខេត្ត Maluku ខេត្ត Jambi និងរដ្ឋធានីហ្សាការតា។

ការរឹតត្បិតគម្លាតសង្គមក្នុងទ្រង់ទ្រាយធំនឹងត្រូវផុតកំណត់នៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)