អ្នកជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១៧ម៉ឺននាក់ ស្នើសុំរៀបចំឥណទានឡើងវិញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៥ ២០២០

 សមាគមហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជា១៧៥.៣៦៤នាក់ បានស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារផងប៉ះពាល់ជំងឺកូវីដ-១៩។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអតិថិជនខាងលើនេះ មានចំនួនជាង១៥២.៨០៨នាក់ ឬជិត៩០ភាគរយ នៃអតិថិជនដែលបានស្នើសុំ គឺបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលទំហំឥណទានសរុបមានប្រមាណជា៦៥៦លានដុល្លារអាមេរិក បើគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។
លោកមានប្រសាសន៍ថា សមាជិករបស់សមាគមហិរញ្ញវត្ថុកម្ពុជាទាំង១០៣គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួន ប្រកបដោយភាព ទន់ភ្លន់ និងឈ្នះឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្របតាមការ អំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅដើមសប្តាហ៍នេះ បានក្រើនរំឭកដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទំាងអស់អនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម មានប្រសាសន៍ថា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ។ ជាមួយគ្នានេះ អតិថិជន ត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។
តាមរបាយការណ៍របស់សមាគមហិរញ្ញវត្ថុកម្ពុជា បង្ហាញថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ សមាជិករបស់សមាគមហិរញ្ញវត្ថុកម្ពុជាទាំង១០៣គ្រឹះស្ថាន បានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាង២លាន១សែននាក់ ឲ្យទទួលបានកម្ចីឥណទានប្រមាណជាង៧,៤ប៊ីលានដុល្លារ ខណៈអតិថិជនបញ្ញើសរុបមានជាង២លាន៨សែននាក់ ស្មើនឹងទឹកប្រាក់ជាង៣,៧ប៊ីលានដុល្លារ៕