អភិបាលខេត្ត​កំពង់ធំ​អះអាងថា ខេត្តកំពង់ធំ​មាន​សក្ដានុពល​ខ្លាំង​ទៅលើ​ដំណាំ​ស្រូវ និង​កៅស៊ូ​

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០
​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​លើកឡើងថា ខេត្តកំពង់ធំ មាន​សក្ដា​នុ ពល​ខ្លាំង​ទៅលើ​ដំណាំ​ស្រូវ និង​កៅស៊ូ ព្រមទាំង​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត មានដូចជា ដំឡូង​មី​, ស្វាយចន្ទី​,ដំឡូង​មី និង​ស្វាយកែវ​ល្មៀត​ជាដើម។​

​ឯកឧត្តម​បានលើកឡើង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តកំពង់ធំ​» នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា​នេះ នា​ទីស្តីការ គណៈរដ្ឋមន្ត្រី​។ ឯកឧត្តម បន្តថា ខេត្តកំពង់ធំ​ប្រៀបដូចជា​គ្រាប់ពេជ្រ ដែល​មិនទាន់​កែច្នៃ​។ ឯកឧត្តម​ថា ខេត្ត​មួយ​នេះ មាន​សក្ដានុពល​ខ្លាំង​អំណោយផល​ពី​ធម្មជាតិ និង​សេដ្ឋកិច្ច វប្បធម៌​សង្គម សម្រាប់​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​។​

​ឯកឧត្តម​បញ្ជាក់ថា ខេត្ត​ត្រូវការ​អ្នកវិនិយោគ ដើម្បី​មក​វិនិយោគ​សាងសង់ រោងចក្រ​កែច្នៃ ផលិតផល​សម្រេច ឬ​ឡស​ម្ងួ​ត​ស្រូវ​។ ត្រង់ចំណុច​នេះ ឯកឧត្តម​អំពាវនាវ អ្នកវិនិយោគ​គួរ​ងាក​មក​វិនិយោគ​លើ​វិស័យនេះ​នៅ​ខេត្តកំពង់ធំ ដែលមាន​សក្ដានុពល​ខ្លាំង និង​ជា​ខេត្ត​មួយ​ដែល​នៅ​កណ្ដាល​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បន្ថែមថា បើទោះបី​ខេត្ត​មួយ​នេះ មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ក៏ពិតមែន ប៉ុន្ដែ​ខេត្ត​មិនទាន់មាន​រោងចក្រ​កែច្នៃ​ផលិតផល​សម្រេច​នៅឡើយ​ទេ​។ ឯកឧត្តម បន្ថែមទៀតថា នៅពេល​ប្រមូល​ផល​បាន​ម្ដងៗ បន្ទាប់ពី​លក់ដូរ​ក្នុង​តំបន់​ហើយ​នោះ ប្រជាកសិករ បាន​លក់​ឱ្យ​ឈ្មួញ​ដើម្បី​នាំ​ចេញទៅ​ប្រទេសជិតខាង ដែលមាន​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ជាដើម​៕ ដោយ​៖ ចាន់ សុធី​វង្ស