កាកបាទក្រហមកម្ពុជា ប្រគល់​អំណោយ ជា​ម៉ាស៊ីន​អេ​ធី​អឹម​អង្ករ ចំនួន​៤​គ្រឿង​ ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០
​កាកបាទក្រហមកម្ពុជា បានប្រគល់​អំណោយ​ជា​ម៉ាស៊ីន​អេ​ធី​អឹម​អង្ករ ចំនួន​៤​គ្រឿង ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ក្នុង​ការចែក​អង្ករ​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រង គ្រោះ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។ (​នេះ​បើ​យោងតាម​ប្រភពពី​កាកបាទក្រហមកម្ពុជា​)​។​

​ក្នុង​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ម៉ាស៊ីន​អេ​ធី​អឹម​អង្ករ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ៦​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ ក្រហម​កម្ពុជា បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ និង​ពាំនាំ ប្រសាសន៍ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ចំពោះ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​អញ្ជើញ​មក ចូលរួម​នាពេលនេះ​។​

​លោកជំទាវ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​មានប្រសាសន៍ថា ម៉ាស៊ីន​អេ​ធី អឹម​អង្ករ​ចំនួន​៤​គ្រឿង​នេះ ជា​អំណោយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ ដែល​បាន​នាំយកមក​ប្រគល់ជូន​កាកបាទក្រហមកម្ពុជា ហើយ​ថ្ងៃនេះ​កាកបាទ ក្រហម​កម្ពុជា បាន​បន្ត​ជូនទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ក្នុង​ការចែក​អង្ករ​ជូន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដោយ​កាត់បន្ថយ​ការចែក​ដោយផ្ទាល់ ដែល​នេះ​ជា​ផ្នែក​មួយ នៃ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​រល​ក​ទី​ពីរ នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា​។​

​នាឱកាស​នោះ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានផ្តល់ អំណោយ​ជា​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ៤​គ្រឿង ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តថា ម៉ាស៊ីន​នេះ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ប្រើប្រាស់​ដើម្បី​រក្សា គម្លាត​សុវត្ថិភាព ជាពិសេស ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបែងចែក ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​។
​ទន្ទឹមនឹងនោះ លោក​ក៏បាន​បញ្ជាក់​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ទប់ស្កាត់​រល​ក​ទី​ពីរ នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស ការផ្តោត​យកចិត្តទុកដាក់ ចំពោះ​អ្នក ចំណូលស្រុក​តាម​ជើងហោះហើរ តាមរយៈ​វិធានការ​នានា និង​ការងារ​អប់រំ ណែនាំ​ដល់ ប្រជាពលរដ្ឋ ឱ្យមាន​ការយល់ដឹង និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច សាហាវ​នេះ​៕ ដោយ​៖ សាយ សុន (​រូបថត​៖ កាកបាទក្រហមកម្ពុជា​)