ក្រុមកម្មករដែលព្យួរការងារពីវិបត្តិជម្ងឺកូវីដ១៩ចាត់ទុកគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភបានជួយសម្រាលការលំបាកក្នុងជីវភាព

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ ក្រុមកម្មករកម្មការិនីបំរើការងារក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ដែលកំពុងព្យួរការងារដោយវិបត្តិជម្ងឺកូវីដ១៩ចាត់ទុកគោលការណ៍ ផ្តល់ប្រាក់ឧបត្ថម្ភបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលពួកគេ កំពុងរងផលប៉ៈលើប្រាក់ចំណូលក្នុងក្រុមគ្រួសារ។
កម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ដែលព្យួរការងារដោយសារវិបត្តិកូវីដ១៩ មានចិត្តសប្បាយរីករាយ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់ពួកគាត់ សម្រាប់ដើម្បីដោះស្រាយជីវភាព ។
លោកស្រី សួន វួចនី កម្មករិនី រោចក្រ Simone Acc.collection Cambodia Co.,Ltd បានមានប្រសាសន៍ថា គាត់មានអារម្មណ៍សប្បាយចិត្តជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយល់ពីទុក្ខលំបាកដល់កម្មករកម្មករិនីដូចជារូបគាត់ ដែលកំពុងខ្វះខាតក្នុងជីវភាពក្នុងលំឡុងពេលជួបវិបត្តិកូវីដ១៩ ។ លោកស្រីបន្តថាទោះបីជាថវិកាដែលបានផ្តល់ជូនកម្មករមានចំនួនតិចតូចក៏ពិតមែនប៉ុន្តែវាបានជួយសម្រាលទុកលំបាករបស់ពួកគាត់បានមួយចំនួនផងដែរ ។
សំឡេង «បន្ទាប់ពីររាជរដ្ឋាភិបាលចេញគោលការណ៍ឧបត្ថម្ភថវិកាមកលើកម្មករ កម្មការិនីពួកខ្ញុំពិតជាមានការសប្បាយចិត្តខ្លាំងមែនទែន ដោយសារតែឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពួកខ្ញុំ ដោយមិនទុកពួកខ្ញុំចោលនៅពេលដែលពួកខ្ញុំជួបបញ្ហា ។ហើយក៏សុំអរគុណដល់រដ្ឋាភិបាលដែរយល់ពីទុកលំបាករបស់កម្មករកម្មការិនី ។ ហើយបើគិតទៅចំនួនទឹកលុយតិចតួចក៏ប៉ុន្តែ សម្រាប់ការឧបត្តម្ភកម្មករកម្មការិនីទូទាំងប្រទេសគឺច្រើន ហើយទោះបីវាតិចតួចក៏ពិតមែន តែវាបានជួយសម្រួលការលំបាករបស់គ្រួសាររបស់ខ្ញុំបានមួយចំនួនធំផងដែរ » ។
យោងតាមប្រសាសន៍របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៧ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់បើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៣៣ ២៣១នាក់ នៃរោងចក្រ សហគ្រាស ទាំង ១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យរកិច្ចសន្យាការងារស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០របស់ក្រសួងស្តីពីការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ និងស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ។
ឯកឧត្តមបានបន្តថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ ។
ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់នៃរយៈពេលព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា ២ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា ៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ដោយក្នុង ១ដង ស្មើនឹងថវិកាចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) ។
សូមបញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ក្នុងករណីបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាល វិញ ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ៕