រដ្ឋបាលខេត្តកំពង់ធំ គ្រោងពង្រើកប្រព័ន្ធស្ទាក់ទឹកបន្ថែមទៀត សម្រាប់ជួយដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០៖

 រដ្ឋបាលខេត្តកំពង់ធំ គ្រោងពង្រើកប្រព័ន្ធស្ទាក់ទឹកបន្ថែមទៀត សម្រាប់ជួយដល់ប្រជាពលរដ្ឋអោយមានទឹកប្រើប្រាស់ញគ្រប់គ្រាន់ ក្នុងការស្រោចស្រពដំណាំរបស់ពួកគាត់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី << វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ >> នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កន្លងមកនេះយើងឃើញថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្ដល់នូវប្រព័ន្ធធារាសាស្ត្រប្រឡាយទឹកជាច្រើនដល់ខេត្តកំពង់ធំ ដែលមានទាំងប្រឡាយទឹកតូច ប្រឡាយទឹកធំចំនួន ២៦១ប្រឡាយ ប៉ុន្តែរដ្ឋបាលខេត្តនៅមានការព្រួយបារម្ភខ្ពស់ចំពោះបញ្ហាកង្វះទឹក ។
ឯកឧត្តម បន្តថា ប្រឡាយទឹកទាំងអស់នេះរដ្ឋបាលខេត្តបានសង្កេតឃើញថា អាចស្រោចស្រពផ្ទៃដីបានត្រឹមតែ ៦២ទៅ៦៣ ភាគរយ ប៉ុណ្ណោះ ដែលតម្រូវអោយមានការពង្រីកបន្តទៀត ដើម្បីជួយបងប្អូនប្រជាកសិករ មានទឹកស្រោចស្រពគ្រប់គ្រាន់ ។
<< ក្រោមការដឹកនាំដែលមានគោលការណ៍ច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបាន ផ្ដល់ភ្លើងខៀវឲ្យក្រសួងធនធានទឹកនិងឧត្ដុនិយម ធ្វើនៅអាងស្ទាក់ទឹក នៅឃុំដងកាំបិត ក្នុងស្រុកសណ្ដាន់ ហើយក៏បានធ្វើការ ទំនប់ទ្វារទឹក នៅក្នុងឃុំឈើទាលស្រុកសណ្ដាន់ដែលនឹងអនុវត្តន៍នៅបណ្ដាឆ្នាំខាងមុខ >> ។
ឯកឧត្តម បានបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពង់ធំ បានសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹកនឹងឧត្ដុនិយម លើការសិក្សាស្រាវជ្រាវបន្តទៀត សម្រាប់គម្រោងសាងសង់ទំនប់ស្ទាក់ទឹកបន្ថែម ដែលជួយទប់ទឹកអោយប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ ក្នុងការស្រោចស្រពលើផ្ទៃដីដាំដំណាំរបស់ពួកគាត់ ។
ឯកឧត្តម បានបញ្ជាក់ថា ប្រសិនជាយើងសាងសងបានទំនប់ស្ទាក់ទឹកនេះ នឹងអាចស្រោចស្រពបានផ្ទៃដីរហូតដល់ទៅ ១៣ម៉ឺនហិកតា បន្ថែមទៀត ។