ប្រជាពលរដ្ឋ ដែលមាន​សំណង់នៅបរិវេណមុខប្រាសាទអង្គរ ចាប់ផ្តើមស្ម័គ្រចិត្តរុះរើជាបន្តបន្ទាប់  ដើម្បីសម្រួលដល់គម្រោងកែលម្អនៅមុខប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

លោក ឈុំ រដ្ឋា ម្ចាស់សំណង់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានឱ្យដឹងថា ដោយសារតែនៅតំបន់បរិវេណមុខអង្គរនេះ អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងកែលម្អ ឱ្យមានភាពស្រស់ស្អាត។ ដូច្នេះហើយបានជាលោកស្ម័គ្រចិត្តរុះរើសំណង់ដែលមាន នៅក្នុង តំបន់នេះចេញ ក្នុងគោលបំណងទុកទីនេះឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍឱ្យបានស្អាត ព្រោះថា នៅពេលកន្លែងនេះស្អាត អ្នកទេសចរមកកម្សាន្តច្រើន ពេលនោះទាំងប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល ក៏ទទួលបានផលដូចគ្នា។

លោកបញ្ជាក់ថា ការស្ម័គ្រចិត្តសហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលក្នុង ការរុះរើសំណង់ភោជនីយដ្ឋាននេះ តាមសំណូមពរដោយមិនមានការបង្ខិតបង្ខំទេ ព្រោះពួកគាត់មានកន្លែងថ្មីដែលអាជ្ញាធរជាតិអប្សរារៀបចំឱ្យដែលស្អាត មានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត តាមតម្រូវការវិស័យទេសចរណ៍ទាំងនៅទីនេះទូទាំងប្រទេស និងពិភពលោក។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរុះរើ សំណង់ភោជនីយដ្ឋាននេះ គឺស្ថិតនៅចំទីតាំងគម្រោងដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដែលនឹង ប្រែក្លាយទីនេះឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានគម្រោងរៀបចំទីលានបដិសណ្ឋារកិច្ច គម្រោងជួសជុលផ្លូវមុខអង្គរវត្ត គម្រោងដាំឈើ ផ្កា និងវាលស្មៅឱ្យមានភាពបៃតង។ ដូច្នេះ ដើម្បីសម្រេចគម្រោង អាជ្ញាធរជាតិអប្សរាចាំបាច់ មានការសម្របសម្រួលជាមួយអាជីវករសុំឱ្យមានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនេះបានរលូន និងដំណើរការទាន់ពេលវេលាដែលគ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០នេះ ដើម្បីផល ប្រយោជន៍រួមរបស់ប្រជាជនខ្មែរ និងប្រទេសជាតិទាំងមូល។

ឯកឧត្តមបញ្ជាក់ថា នៅពេលទីលានបដិសណ្ឋាកិច្ចសាងសង់រួចអាជីវករទាំងអស់ នៅមុខអង្គរ នឹងត្រូវចូលទៅលក់ក្នុងនោះទាំងអស់ដោយឥតបង់ថ្លៃ៕ ដោយ៖ ឃុត សៅ