ដំណាំ៣ប្រភេទក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលនិងទទួលបានតម្លៃសមរម្យ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 27.05.2020 ៖

ដំណាំ៣ប្រភេទក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលនិងទទួលបានតម្លៃសមរម្យ ដែលជួយធ្វើឲ្យជីវភាពគ្រួសារប្រជាកសិករកាន់តែល្អប្រសើរឡើង និងចាប់ផ្តើមមានការទទួលស្គាល់ជាបណ្តើរៗ ពីអតិថិជនតាមបណ្តាខេត្តដទែទៀត ។
លោកស្រី ខៀវ សុខេន ប្រជាកសិករដាំនិងលក់ធុរេន សាវម៉ាវ មង្ឃុត នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកស្រីបានចាប់យកការដាំដំណាំហូបផ្លែទាំង៣ប្រភេទនេះ ខណៈដែលដោយប៉ុន្មានឆ្នាំ នេះ មើលឃើញពីតម្រូវការបរិភោគរបស់អតិថិជនមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ហើយសំរាប់តម្លៃវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
លោកស្រី បានបន្តថា ដំណាំធុរេន សាវម៉ាវ និងមង្ឃុត ក្នុងស្រុកភូមិរបស់លោកស្រីគេច្រើនដាំជាលក្ខណៈគ្រួសារ( ប្រមាណ១ទៅ២ហិកតា) ហើយប្រមូលយកមកដាក់លក់នៅបណ្តុំតែមួយ ដែលបង្កលក្ខណៈងាយស្រួលដល់អតិថិជន ដែលមានបំណងទិញបរិភោគនិងយកលក់បន្ត ។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានឆ្លងកាត់ទីតាំងភូមិសាស្ត្រលក់នេះ សូមជួយគាំទ្រផលិតផលខ្មែរ ព្រោះផ្លែឈើទាំងអស់នេះ មិនមានប្រើប្រាស់ជីគីមី ពិសេសមានតម្លៃសមរម្យ( ធុរេន១គីឡូចន្លោះពី២០.០០០រៀលទៅ២៥.០០០រៀល សាវម៉ាវ១គីឡូ៦០០០រៀល និងមង្ឃុត១គីឡូ១២០០០រៀល ) ។  ដល់ខែនេះលក់ផ្លែឈើដាច់គួរសម លក់ធុរេន លក់សាវម៉ាវ មង្ឃុត និយាយទៅឲ្យតែផ្លែឈើខ្មែរដល់ខែនេះ បាននេះខ្ញុំលក់ ហើយវាមានបានចំណេញគ្រាន់បើដែរ ផ្លែឈើទាំងអស់នេះសុទ្ធតែជាផ្លែឈើធម្មជាតិទាំងអស់ មិនមានប្រើជីគីមីទេ ដោយដាក់តែជីធម្មជាតិតែប៉ុណ្ណោះ ហើយមិនមានការនាំចូលពីក្រៅប្រទេសទេ គឺខ្ញុំលក់តែផ្លែឈើក្នុងស្រុកទេគឺនៅក្នុងតំបន់យើង ហើយបើសំរាប់ធុរេនគឺល្អជាងគេ បើចេញទៅភ្នំពេញក៏អ្នកភ្នំពេញសរសើរថាធុរេនស្រុកខ្ញុំល្អដែរ។ ហើយលក់នៅចំការចឹង គឺតម្លៃមិនសូវថ្លៃ តម្លៃសមរម្យ ហើយបងប្អូនដែលគាត់អញ្ជើញឆ្លងកាត់មកពីភ្នំពេញទៅមណ្ឌលគីរីទៅរតនគីរីអញ្ចឹង ឬត្រឡប់មកវិញ សូមកុំភ្លេចជួយទិញផ្លែឈើនៅភូមិបេងឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំហើយបងប្អូនជួយគាំទ្រផលិតផលខ្មែរផង ទាំងធុរេន ទាំងសាវម៉ាវ មង្ឃុត គឺមួយឆ្នាំមានតែម្ដងទេ។
ដោយឡែក លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរតែតែងចាំជួយគាំទ្រចំពោះកសិករណា ដែលត្រូវការបច្ចេកទេស វិធីសាស្ត្រថែទាំ ការធ្វើជីធម្មជាតិ ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗទាក់ទងនឹងដំណាំហូបផ្លែ ដែលមួយឆ្នាំមានតែ១រដូវកាល ។លោក បានណែនាំដល់កសិករ ឲ្យបង្ហាញពីអត្តសញ្ញាណផ្លែឈើក្នុងខេត្ត ដើម្បីឲ្យគេបានស្គាល់កាន់តែច្បាស់ និងទទួលបានទំនុកចិត្តពីភ្ញៀវតាមបណ្តាខេត្តដទៃទៀត ។ ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋដែលចាប់មុខរបរដាំផ្លែឈើនេះ គឺមន្ទីរកសិកម្មមានការគាំទ្រ ហើយបើសិនជាមានការខ្វះខាតបច្ចេកទេសអីនោះ គឺអាចទាក់ទងមកមន្ទីរកសិកម្ម បានហើយក៏សូមសំណូមពរឲ្យគាត់មានការថែទាំឱ្យបានដិតដល់ កុំឱ្យជួបកត្តាសត្វល្អិតចង្រៃ ហើយមួយទៀតគឺសំណូមពរដល់គាត់ ធ្វើយ៉ាងណាដើម្បីអោយស្គាល់អត្តសញ្ញាណផ្លែឈើក្នុងខេត្ត គាត់គួរតែរក្សាអត្តសញ្ញាណឲ្យបានប្រាកដ ដូចជាចៀសវាងការក្លែងបន្លំអត្តសញ្ញាណផ្លែឈើខ្លួនឯង ពីនេះទៅនោះ ពីនោះទៅនេះ អញ្ចឹងធ្វើឲ្យបាត់អត្តសញ្ញាណ ខូចគុណភាព តម្លៃរបស់កសិផលរបស់យើង ពិសេសបាត់បង់ទំនុកចិត្តអតិថិជន។
សូមបញ្ជាក់ថា កសិករក្នុងខេត្តត្បូងឃ្មុំដាំដំណាំធុរេន សាវម៉ាវ មង្ឃុត លើផ្ទៃដីប្រមាណជាង៦០០ហិកតា ដែលបានជួយកែប្រែជីវភាពកសិករកាន់តែប្រសើរឡើងបានមួយកំរិត ៕