វិមានក្រឹមឡាំងមិនប្រាកដអំពីឱកាសនៃកិច្ចប្រជុំកំពូលទល់មុខគ្នា នៃក្រុមប្រឹក្សាសន្តិសុខ P5 ក្នុងខែកញ្ញាខាងមុខនេះទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លទ្ធភាព​នៃកិច្ចប្រជុំកំពូលទល់មុខគ្នា ក្នុងចំណោមមេដឹកនាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអចិន្រ្តៃយ៍ទាំងប្រាំនៅក្នុងខែកញ្ញាខាងមុខនេះ គឺមានតិចតួចណាស់។ លោកបាននិយាយបន្ថែមថា កិច្ចប្រជុំកំពូលតាមប្រព័ន្ធ អ៊ីនធឺណេតមិនត្រូវបានច្រានចោលទេ ប្រសិនបើមេ​ដឹកនាំ P5 យល់ថា ចាំបាច់។

លោក Peskov បានសង្កត់ធ្ងន់ថា «ខែកញ្ញាខាងមុខនេះមិនទំនងដូចអ្វីដែលពួកគេបាននិយាយនោះទេ។ យើងបានឮរួចហើយ​ ពីសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ លទ្ធភាព គឺពិតជាតិចតួចណាស់ដោយសារស្ថានភាពនៃការរាតត្បាត»។ លោកបាននិយាយបន្ថែមថា ទោះជាយ៉ាងណា ការរៀបចំកិច្ចប្រជុំកំពូល «នៅក្នុងទ្រង់ទ្រាយផ្សេងទៀតនៅតែមាននៅក្នុងរបៀបវារៈ»។

លោក Peskov បានបញ្ជាក់ថា ការងារនេះកំពុងបន្តនៅកម្រិតការទូត។ លោក Peskov បាននិយាយបន្ថែមថា «ទោះជាយ៉ាងណា ការរៀបចំកិច្ចប្រជុំកំពូលត្រូវតែមានដោយការធ្វើការងារដើម្បីសម្របសម្រួលឯកសាររួមគ្នា ឬឯកសាររួមជាក់លាក់។ ការងារនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ យើងមិនមានព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ»។

អ្នកនាំពាក្យរូបនេះមិនបានបដិសេធចំពោះការធ្វើកិច្ចប្រជុំកំពូលជាទ្រង់ទ្រាយតាមប្រព័ន្ធអ៊ីនធឺណេតទេ។ លោកបានកត់​សម្គាល់ថា «នេះនឹងពឹងផ្អែកជាដំបូងទៅលើការសម្រេចចិត្តរបស់មេដឹកនាំទាំងនោះ ហើយទីពីរ គឺភាពជោគជ័យនៃសកម្មភាពរបស់អ្នក​ជំនាញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការទំនាក់ទំនងទ្រង់ទ្រាយបែបនេះនៅក្នុងកម្រិតកិច្ចប្រជុំកំពូល»។

ចំពោះរបៀបវារៈនេះ លោក Peskov បាននិយាយថា គ្មានការប៉ាន់ស្មានជាក់ស្តែងណាមួយទាំងលើរបៀបវារៈ ឬលើទ្រង់ទ្រាយ​នៃកិច្ចប្រជុំ ឬពេលវេលានោះទេ។ លោក Peskov បានឆ្លើយតបនឹងសំណួរអំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះថា «ដូច្នេះយើងត្រូវតែមាន​ការអត់ធ្មត់ ហើយថាតើវានឹងផ្តោតសំខាន់ទៅលើសន្តិសុខជាទូទៅ ឬទៅលើការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាវីរុសនេះ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)