កិច្ចព្រមព្រៀង OPEC+ ជួយជៀសវាងការវិវឌ្ឍដាអវិជ្ជមាននៅក្នុងទីផ្សារថាមពល

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នក​សារព័ត៌មានថា ការវិវឌ្ឍជាអវិជ្ជមាននៅក្នុងទីផ្សារថាមពលសកលលោកអាចត្រូវបានជៀសវាងបានយ៉ាងច្រើនដោយ សារកិច្ចព្រមព្រៀងថ្មី​របស់ OPEC+ ។

លោកបានកត់សម្គាល់ថា វិមានក្រឹមឡាំងចាត់ទុកកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ ដោយរំលឹកឡើងវិញថា ទីក្រុងមូស្គូ​កាលពីមុនបាន «ព្រមានប្រឆាំងនឹងការសន្និដ្ឋានរហ័ស»។

លោកបាននិយាយថា «យើងបានចង្អុលបង្ហាញការពិតថា នេះគឺជាប្រតិបត្តិការដែលឆ្ពោះទៅមុខដែលប្រសិទ្ធភាពរបស់វាក៏ទំនង​ជាបង្ហាញខ្លួនវានាពេលអនាគតដែរ»។

នៅពេលត្រូវបានគេសួរថា តើភាគីនៃកិច្ចព្រមព្រៀងត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតទេ ដើម្បីធ្វើឱ្យមានស្ថិរភាពបន្ថែមទៀត​នៅលើទីផ្សារថាមពល? មន្រ្តីវិមានក្រឹមឡាំងរូបនេះបានកត់សម្គាល់ថា «ប្រហែលជាធាតុមួយចំនួនដែលទាក់ទងនឹងការកាត់បន្ថយ​តម្រូវការ និងការផលិតហួសកម្រិតមិនអាចត្រូវបានលុបចោលទាំងស្រុងទេ ពីព្រោះវាមិនអាចទៅរួចទេ ក្នុងការបញ្ច្រាសទាំងស្រុងចំពោះ​ស្ថានភាពសកលលោកនោះ»។

លោក Peskov បាននិយាយបន្ថែមថា «ប៉ុន្តែជាទូទៅ វាច្បាស់ណាស់ថា បណ្តាប្រទេសដែលចូលរួមនឹងឃ្លាំមើលវិធីដែល​កំពុងវិវឌ្ឍន៍»។

អ្នកនាំពាក្យរូបនេះបានរំលឹកថា «កិច្ចព្រមព្រៀងនេះមានពេលវេលាកំណត់ផ្ទាល់ខ្លួន»។ លោកបានឆ្លើយតបទៅនឹងសំណួរដែល​បានសួរថា តើប្រទេសរុស្ស៊ីនៅតែបន្តធ្វើសកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះដែរឬទេ? ថា «ប្រទេសរុស្ស៊ី គឺជាអ្នកចូលរួមដែល​មានការទទួលខុសត្រូវក្នុងទំនាក់ទំនងអន្តរជាតិ រួមទាំងនៅក្នុងឧស្សាហកម្មសំខាន់ៗ និងរសើប ដូចជាទីផ្សារថាមពលនេះផងដែរ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)